ម្ចាស់បទ ”មនុស្សដែលបងស្រលាញ់ជាងគេ គឺអូន” លោកគូម៉ា ដែលជាតារាចម្រៀងផលិតកម្មថោន បានអះអាងប្រាប់ ”នគរធំ” កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា កាដែលគេយកឈ្មោះលោកទៅប្រើលើអ្នកផ្សេងថា ជាឈ្មោះ “គូម៉ា Copy” នៅលើបណ្ដាញសង្គម Tik Tok នោះ លោកមិនអាចហាមឃាត់គេបានឡើយ ហើយក៏មិនមានវិធានការណ៍នោះទេព្រោះអ្នកទាំងនោះ ក៏ជាអ្នកគាំទ្រ (Fan) របស់លោកដែរ។

ប៉ុន្ដែអ្នកចម្រៀងសំនៀងផ្អែមរូបនេះថា សូមលេងក្នុងន័យល្អ តែបើលេងក្នុងផ្លូវអវិជ្ជមានណាមួយ លោកនឹងមិនអនុញ្ញាតនោះទេ។ លោកថា ការយកឈ្មោះលោកទៅលេងនៅលើ Tik Tok នោះ មិនបានជួយធ្វើឲ្យលោកល្បីល្បាញថែមទៀតទេ ដោយសារតែកេរ្ដិ៍ឈ្មោះល្បី គេស្គាល់ពីមុនមកហើយ ទើបបានជាត្រូវបានគេយកទៅហៅថា “គូម៉ា Copy” ។

រយៈពេលជាច្រើនខែមកហើយដែលគូម៉ា ត្រូវបានអ្នកលេង Tik Tok ឈ្មោះសុវណ្ណ កូកូ (Sovan KoKo) បានប្រកាសថា លោកមានមុខមាត់ដូចគូម៉ាហ្ស៊ីន បេះបិទតែម្ដង ទើបហៅខ្លួនឯងថា “គូម៉ា Copy” តែត្រូវបានអ្នកខ្លះរិះគន់ថា ឪពុកម្ដាយខ្លួនឯងមិនចង់ដូច បែរជាទៅចង់ដូចគេទៅវិញ។

ចំណែកតារាសម្ដែងសាច់សខ្ចីម្នាក់ ឈ្មោះស៊ីវម៉ី ថែមទាំងបានជំរុញឲ្យ Sovankoko ទៅវះកាត់កែច្នៃមុខមាត់ទៀតផង បើចង់ឲ្យដូចគូម៉ាហ្ស៊ីន ដោយនាងថែមទាំងព្រមានថា បើមិនអីចឹងទេ ប្រយ័ត្នមន្ទីរពេទ្យកែប្រែហៅ។

ប៉ុន្ដែភ្លាមនោះ តារាសម្ដែងសុវណ្ណ កូកូ បានបកអាក្រាតទៅស៊ីវម៉ី ថាចរិតមិនកើត ជាមនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ អីចឹងហើយបានជាសង្សារបោះបង់ចោល។

ដោយឡែក តាមព័ត៌មានថា គូម៉ា មិនហ៊ានចេញពីផ្ទះឡើយ តាំងពីផ្ទុះរឿងមាន “គូម៉ា Copy” នោះ ព្រោះលោកទៅណាគេច្រឡំតែលោកសុវណ្ណកូកូ ខណៈដែលសុវណ្ណកូកូ បានអួតថា ខ្លួនទៅណា ក៏គេច្រឡំថាជា “គូម៉ា ហ្ស៊ីន” ដែរ។

យ៉ាងណា គេកត់សម្គាល់ថា មិនមែនតែគូម៉ា ម្នាក់ទេ ដែលត្រូវបានគេយកទៅប្រើលើឈ្មោះអ្នកផ្សេងថា ជា “គូម៉ា Copy” នោះ ព្រោះលោកអ៊ីណូ និងកែវ វាសនា ជាដើម ក៏មានអ្នកតាំងខ្លួនថា រូបគេជាអ្នកដូចតារាទាំងនោះ រហូតបែងចែកមិនចេញ ក៏ហៅថា Copy តែម្ដង។

គូម៉ា បានឲ្យដឹងថា លោកនៅតែបន្ដច្រៀងឲ្យផលិតកម្មថោន តទៅទៀត ដោយកុងត្រានៅមានរយៈពេលយូរឆ្នាំទៀត ហើយបើទោះជាមុននេះ តារាសំខាន់២ដួង គឺមាស សុខសោភា និងខេម បានចេញក្ដី តែលោកគិតថា នោះជាការសម្រេចចិត្តបស់ពួកគាត់។ ចំណែកចំណងស្នេហាជាមួយស្រីស្អាត ម៉ៅ គឹមធីតា វិញ លោកថា មានភាពចុះសម្រុងគ្នាដោយរលូន៕

