ជារឿងអយុត្តិធម៌បំផុតសម្រាប់ក្រុមគ្រួសាររបស់តារាចម្រៀងល្បីឈ្មោះដល់កំពូល លោកព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច និងបុណ្យស័ក្តិខ្ពង់ខ្ពស់ បានរំលោភយកដី ដែលមានទីតាំងស្ថិតនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បើតាមលោកហេង ឡុង ប្រធានសមគមសិល្បៈ បានបង្ហោះសារថា “លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោកម៉ៅ ធនារក្ស បងប្រុសអភិបាលខេត្តពោធិ៍សាត់ រំលោភយកដីទាំងអយុត្តិធម៍!

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះផូ សំណាង (ជាម្តាយលោកព្រាប សុវត្ថិ) តំណាងឲ្យលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ម្ចាស់ មានទំហំសរុបជាង១៩ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រីផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយ គឺដោយលោកនង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ)។

ក្រោយពីការទិញលក់រួចរាល់ហើយ លោកស្រីផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ។ ស្រាប់តែនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងជាបងប្រុសបង្កើតរបស់លោកម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាកូនចៅរបស់ខ្លួនឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រីផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។ ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹងសុំដីការក្សាការពារទៅសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ។

ករណីនេះ យើងខ្ញុំកំពុងពិភាក្សា និងពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌ជូនជនរងគ្រោះតាមផ្លូវច្បាប់”។

អ្នកយកព័ត៌មានយើងបានទាក់ទងទៅលោកព្រាប សុវត្ថិ ដើម្បីបកស្រាយបន្ថែមពីករណីជនមានអំណាច ដែលជាបងប្រុសអភិបាលខេត្ត រំលោភយកដីនេះ មិនទាន់បានសម្រេចនៅឡើយ។ ចំណែកលោកម៉ៅ ធនារក្ស ក៏មិនអាចទាក់បាននៅល្ងាចថ្ងៃនេះ។

គួរបញ្ជាក់ថា មុននេះ មានព័ត៌មានថា លោកព្រាប សុវត្ថិ មានដីជាច្រើនហិកតារនៅខេត្តមណ្ឌលគិរី ហើយលោកបានសាងសង់ជារីសត ដែលចំណាយលុយខ្ទង់លានដុល្លារផងដែរ។ ហើយនៅពេលទំនេរលោកតែងតែនាំភរិយា ម្តាយ ណិងកូនៗ ទៅសម្រាកលំហែកាយនៅទីនោះជាប្រចាំ៕
