ខេតត្បូងឃ្មុំ ៖ មុខសញ្ញាលួច និងប្លន់ម្នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងទឹកដីខេត្តកំពង់ចាម និងត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលស្រុកពញាក្រែក ចាប់វាយខ្នោះជាប់ទាំងព្រឹក កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។
មុខសញ្ញាចោរលួចនិងប្លន់ដ៏សកម្ម ដែលជាប់អន្ទាក់សមត្ថកិច្ចទាំងព្រឹកខាងលើនេះ មានឈ្មោះចិន សារក្ស ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ឮ

ការចាប់ឃាត់ខ្លួននេះ គឺយោងតាមដីកាលេខ៦៧៣ (គ) ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្កកំពង់ចាម បង្គាប់ឱ្យចាប់ខ្លួនឈ្មោះចិន សារក្ស ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិថ្នល់បែក កើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក បានឱ្យដឹងថា ក្រោយពីទទួលបានដីកាខាងលើនេះ លោក ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយសហការជាមួយនឹង អធិការដ្ឋាននគរបាលស្រុកពញាក្រែក។ ពេលនោះក៏បានដឹងថា មុខសញ្ញាខាងលើលួចចូលលំនៅឋាននៅភូមិត្រពាំងផ្លុងទី១ ហើយកម្លាំង សមត្ថកិច្ចឃើញ ជននេះជិះម៉ូតូតាម ដងផ្លូវ ក៏ចាប់ឃាត់ខ្លួនតែម្តង។

លោកអធិការនគរបាលស្រុកពញាក្រែក បានរំលឹកថា ជនឈ្មោះសារក្ស នេះ គឺជាមុខសញ្ញាលួចនិងប្លន់ដ៏សកម្ម តាំងពីគ្រាដែលមិន ទាន់បំបែកខេត្តកំពង់ចាមម៉្លេះ ហើយក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅចុងឆ្នាំ២០១៤ ដាក់ពន្ធនាគារខេត្តរហូតដល់២០១៨ ទើបត្រូវ បានដោះលែងតែជននេះមិនបានកែខ្លួននោះទេ ពេលចេញមកវិញបានដើរតាមគន្លងចាស់ដដែល។ ថ្វីដ្បិតជននេះមានលំនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក៏ពិតមែន តែមិនបាននៅជាអចិន្ត្រៃយ៍ទេ គេតែងតែលួចចូលលំនៅឋានដោយស្ងាត់ៗដូចអំពិលអំពែក។
ដោយឡែក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលទទួលបានដីកាបង្គាប់ឱ្យនាំខ្លួនកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានសហការជាមួយនឹងអធិការដ្ឋាន នគរបាលស្រុកពញាក្រែក តាមឃ្លាំមើលឃើញជននេះជិះម៉ូតូតាមដងផ្លូវ ក៏ចាប់ខ្លួន តែម្តង។ នៅព្រឹកថ្ងៃដដែលនោះ ជននេះត្រូវបានប្រគល់ឱ្យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ចាមមកទទួល ដើម្បីចាត់ការបន្ត។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងដែរថា មុខសញ្ញាខាងលើនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ទៅទទួលយកពីអធិការរដ្ឋាននគរបាលស្រុកពញាក្រែក មកសាកសួរ និងចាត់ការបន្តតាម នីតិវិធី ។
តាមព័ត៌មានបន្ថែមថា ជននេះគឺបានប្លន់យកកាបូបដាក់លុយនិងគ្រឿងអលង្ការបស់អាជីវករនៅផ្សារ ថ្នល់បែកចំការលើ ព្រមទាំង បាញ់កាំភ្លើងខ្លី១គ្រាប់មកលើសមត្ថកិច្ច តែមិនបណ្តាលឱ្យរងរបួសទេ ។ ចំណែកកាបូបលុយនិងគ្រឿងអលង្ការ ត្រូវជននេះយកបាត់រហូត មកដល់ពេលចាប់បានខ្លួននេះ៕