Friday, August 15, 2025
Homeព័ត៌មានជាតិសង្ឃឹមថា បានញាំមាន់ស្ងោរឆ្ងាញ់មាត់ បែរជាជួបរឿងបែបនេះទៅវិញ

សង្ឃឹមថា បានញាំមាន់ស្ងោរឆ្ងាញ់មាត់ បែរជាជួបរឿងបែបនេះទៅវិញ

ភ្នំពេញ ៖ យុវជន២នាក់បងប្អូន ទើបនឹងចេញពីធ្វើការងារសំណង់ ត្រឡប់មកដល់បន្ទប់ជួលវិញ ក៏នាំគ្នាស្ងោរមាន់ហូបបាយ នឹកថាបានឆ្ងាញ់មាត់ម្តង ស្រាប់តែអកុសល ពេលកំពុងស្ងោរមាន់នោះ ធុងហ្គាសបានផ្ទុះ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទប់ និងបានឆេះទាំងយុវជនជាបងស្លាប់រួញក្រញង់ក្នុងភ្នក់ភ្លើង ចំណែកយុវជនជាប្អូនប្រុសក៏ត្រូវភ្លើងឆេះរលាកខ្លួនដែរ តែសំណាងល្អស្ទុះរត់ចេញទាន់ ទើបបានរួចរស់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៣៣ តាមបណ្តោយផ្លូវបេតុង ច្រកចូលក្បែរមន្ទីរពេទ្យរ៉ូយ៉ាល់ ស្ថិតនៅក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវជនរងគ្រោះដែលត្រូវភ្លើងឆេះស្លាប់ខ្លោចក្រញង់ មានឈ្មោះព្រីម សុខា អាយុ២១ឆ្នាំ មុខរបរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែទៀតផង។ ចំណែកយុវជនជាប្អូនប្រុសដែលរងរបួសរលាករលួយយ៉ាងដំណំដែរ មានឈ្មោះព្រីម ឃីញ អាយុ២០ឆ្នាំ មុខរបរម៉ៅការបុកគ្រឹះជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះទាំង២នាក់បងប្អូនខាងលើ រួមទាំងក្មួយជីដូនមួយម្នាក់ទៀត បានមកជួលបន្ទប់ទីតាំងកើតហេតុខាងលើស្នាក់នៅ ទើបនឹងបាន២ថ្ងៃប៉ុណ្ណោះ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែជាថ្ងៃសីល ទើបជនរងគ្រោះបានទិញមាន់យកមកសែន តាំងពីពេលព្រឹកម៉្លេះ រហូតដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះទាំង៣នាក់ទើបនឹងត្រឡប់មកពីធ្វើការសំណង់វិញ ក៏បានយកមាន់មកកម្តៅឱ្យក្តៅ ដើម្បីហូបជុំគ្នា។

លុះពេលបើកធុងហ្គាស់ស្ងោរមាន់ឡើងវិញ មិនទាន់នឹងបានហូបផង ស្រាប់តែផ្ទុះធុងហ្គាស់ប្រភេទធុងតូច បណ្តាលឱ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញយុវជនជាប្អូនប្រុស រួមនិងក្មួយជីដូនមួយ បានស្ទុះរត់ចេញមកក្រៅ ក្នុងសភាពរងរបួសរលាកពេញខ្លួន និងបានស្រែកឆោឡោហៅគេឯងឱ្យជួយ ចំណែកយុវជនរងគ្រោះជាបង មិនបានចេញមកក្រៅនោះទេ ដោយសារនៅស្តាយម៉ូតូ១គ្រឿង ទើបព្យាយាមចង់អូសម៉ូតូចេញ តែអកសុល ត្រូវភ្លើងឆេះខ្លោចស្លាប់ក្រញង់ក្នុងបន្ទប់យ៉ាងអាណោចអាធ័ម ខណៈដែលម៉ូតូក៏ឆេះហ្មត់ សល់តែគ្រោងឆ្អឹងដែរ។ ចំណែកប្អូននិងក្មួយជីដូនមួយបានរងរបួស ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតការភ្ញាក់ផ្អើល ប្រជាពលរដ្ឋក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ ហើយបន្តិចក្រោយមកក៏ឃើញរថយន្តពនត់អគ្គិភ័យ ចំនួន២គ្រឿង បានចុះដល់ទីតាំងកើតហេតុ និងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង ដោយមិនបង្កឱ្យឆេះរាលដាលដល់បន្ទប់ជួបក្បែរខាងនោះឡើយ។

ជុំវ៉ិញកណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ ក្រៅពីបង្កឱ្យមនុស្សស្លាប់ម្នាក់ នៅបានបង្កឱ្យរងការខូចខាតបន្ទប់ជួលលេខ៣៣ ទាំងស្រុង ដែលជាប្រភេទសំណង់ថ្មបេតុង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ ប្រក់ស័ង្កសី  និងឆេះខូចខាតសម្ភារ: រួមមាន ឆេះម៉ូតូ១គ្រឿង ប៉ុស្តិ៍ផ្សារ១ ធុងស្នោ១ សម្លៀកបំពាក់អស់ទាំងស្រុង។ យ៉ាងណាពេលនេះ កម្លាំងសមត្ថកិច្ចកច្ចមូលដ្ឋាន និងខាងជំនាញ បន្តធ្វើការស្រាវជ្រាវដើម្បីបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។

ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាទីបំផុត៕

RELATED ARTICLES