Friday, August 15, 2025
Homeតារាខ្មែរនាយចឺម កាន់តែស្ងាត់ ពេលសុវត្ថិ-សិរីមន្ដ កាន់តែឡើងកម្ដៅ

នាយចឺម កាន់តែស្ងាត់ ពេលសុវត្ថិ-សិរីមន្ដ កាន់តែឡើងកម្ដៅ

នាយចឺម ដែលធ្លាប់តែអុកអុកទីផ្សារចម្រៀងយុវវ័យនៅផលិតកម្មសាន់ដេ ហើយធ្លាប់និយាយកាលពីឆ្នាំ២០១៧ ថា ប្រើពេលតែ១ឆ្នាំទៀត តាមទាន់លោកខេមរៈ សិរីមន្ដ នោះ ស្រាប់តែពេលនេះ ម្ចាស់បទ ”នរក១៨ជាន់” បែរជាប្រឈមភាពស្ងប់ស្ងាត់ទៅវិញ។

ការដែលនាយចឺម នៅទ្រឹងជាង២ខែមកនេះ ដោយសារតែរយៈពេលចុងក្រោយនេះ ព្រាប សុវត្ថិ របស់ Galaxy និងខេមរៈ សិរីមន្ដ របស់ហង្សមាស កាន់តែមានការប្រកួតគ្នាយ៉ាងស្វិតស្វាញឡើងៗ ធ្វើឲ្យកម្ដៅកាន់តែងំរៀងៗខ្លួនតែម្ដង ព្រោះតារាទាំង២ បានចេញបទចម្រៀងតតាំងគ្នាតាំងពីរដូវបុណ្យភ្ជុំបិណ្ឌ រហូតដល់ពេលនេះ ពោលគឺមជ្ឈដ្ឋានមហាជនបានមើលឃើញថា បើព្រាប សុវត្ថិ ចេញបទមានសន្ទុះខ្លាំង ខេមរៈ សិរីមន្ដ ក៏ត្រូវតែចេញបទថ្មីទប់ទល់ភ្លាមៗដែរ។

ប៉ុន្ដែតាមការអង្កេតចុងក្រោយនេះ លោកសិរីមន្ត ហាក់កាន់តែមានទឹកមាត់លេប ក្រោយផ្ទុះបទ ”ពឺតៗ” មក បើទោះជាមិនទាន់អាចវ៉ាព្រាប សុវត្ថិ ក្ដី ប៉ុន្ដែអ្នកដែលពិបាកទប់ទល់នោះ គឺនាយចឺម តែម្ដង។

អ្នកនិពន្ធបទភ្លេង (Composer)​នៅហង្សមាស ម្នាក់ បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថា ពេលនេះមិនមែនតែនាយចឺម ទេដែលស្ងាត់ ប៉ុន្ដែតារាសឹងតែទាំងអស់ទៅហើយ ដែលគេមិនសូវតាមដានទេ ក្រៅពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ។

លោកបន្តថា គ្រប់គ្នាអាចមើលដឹងថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ស៊ីសាច់ហុតឈាមគ្នាតែម្ដង ពេលនៅផលិតកម្មផ្សេងគ្នានេះ អីចឹងហើយនាយចឺម មិនអាចទប់ទល់បានឡើយ។

អ្នកនិពន្ធបទភ្លេងរូបនោះ បាននិយាយបែបសំណើចថា កន្លងមក លោកធ្លាប់តែឮថា នាយចឺម ចង់ប្រជែងជាមួយខេមរៈ សិរីមន្ដ ហើយបើអីចឹងមែននោះ នាយចឺម គួរតែឆ្លងកាត់ការប្រជែងជាមួយព្រាប សុវត្ថិ ដែរ​ បានត្រូវ ព្រោះតែខេមរៈ សិរីមន្ដ-ព្រាប សុវត្ថិ គេតែងតែផ្គូផ្គងថា ជាគូប្រជែងគ្នាស្វិតស្វាញ អីចឹងនាយចឺម ហ៊ានអត់ទៅប្រជែងជាមួយព្រាប សុវត្ថិ?

អ្នកនិពន្ធបទភ្លេងរូបនោះ បន្ថែមថា ការដែលនាយចឺម ស្ងាត់ជាងមុន ដោយសារតែព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចេញបទចម្រៀងបុកគ្នាទៅវិញទៅមកខ្លាំងពេក អីចឹងតារាណាក៏ពិបាកទប់ទល់ដែរ។ ម្យ៉ាងទៀត សាន់ដេ អាចមិនទាន់បញ្ចេញបទថ្មីៗរបស់នាយចឺម ព្រោះកូវីដ-១៩ ប៉ុន្ដែនាយចឺម មានចំណុចពិសេសជាងតារាផ្សេងៗទៀត ព្រោះច្រៀងទៅធ្វើឲ្យគេសប្បាយតែម្ដង ដោយសារតែចេះកំប្លែង អីចឹងគ្មានអ្នកណាផ្ដួលនាយចឺម ត្រង់ហ្នឹងបានទេ។

ថ្វីត្បិតតែអ្នកធ្វើភ្លេងបានសរសើរនាយចឺម ថា ខ្លាំងត្រង់ច្រៀងទៅ ធ្វើឲ្យអ្នកទស្សនាសប្បាយរីករាយមែន ប៉ុន្ដែកន្លងមកអ្នកជំនាញសិល្បៈ លោកនូ ស៊ិប ធ្លាប់អះអាងថា នាយចឺម បើសិនជាមិនបែងចែកឲ្យបានច្បាស់ពីការច្រៀងនិងកំប្លែង ឲ្យដាច់ពីគ្នាទេនោះ ការច្រៀងចម្រៀង១បទនោះ គឺនឹងប្រើបច្ចេកទេសខុសទាំងអស់តែម្ដង។

ប៉ុន្តែលោកនូ ស៊ិប ថា នាយចឺម នៅក្មេងអីចឹង ទៅថ្ងៃអនាគត អាចប្រជែងជាមួយខេមរៈ សិរីមន្ដ បាន ព្រោះនៅពេលវេលាច្រើនទៀត។

លោកសុខ មេសា ហៅនាយចឺម ធ្លាប់ធ្វើឲ្យទីផ្សារចម្រៀងលោកខេមរៈ សិរីមន្ត ឲ្យស្ងប់ស្ងាត់បន្ដិច អំឡុងពេលដែលអ្នកទាំង២ ច្រៀងនៅសាន់ដេ ជាមួយគ្នា ទើបនាយចឺម បានតាំងចិត្តថាត្រឹមតែ១ឆ្នាំទៀត តាមឲ្យស្មើលោកសិរីមន្ត។ ប៉ុន្ដែក្រោយមក នាយចឺម បានចេញមុខអះអាងថា លោកចាត់ទុកខេមរៈ សិរីមន្ដ ជា Idol និងមិនហ៊ានថ្លើមធំប្រជែងជាមួយតារាហង្សមាស រូបនេះឡើយ។

អំឡុងពេលដែលនាយចឺម មិនសូវមានបទល្បីដូចមុននេះ គេឃើញអតីតតារាកំប្លែងរូបនេះ ងាកទៅរឹតចំណងស្នេហាជាមួយស្រីស្អាតអូនហ្វា ហ្វា កាន់តែស្អិតល្មួតជាងមុន បន្ទាប់ពីនាយចឺម ភ្លាត់ស្នៀតត្រូវគេឆាក់សង្សារស្រីស្អាតអស់ម្ដង២នោះ គឺកញ្ញាពុធ ស្រីខួច និងអៀ ម៉េងលិ ហៅ អូនម៉ីម៉ី ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES