ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) លើស្ត្រីជនរងគ្រោះម្នាក់ ខណៈពេលនារីរងគ្រោះរូបនោះមិនបាននៅផ្ទះ ដោយមានធុរៈចេញទៅខាងក្រៅ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលមិនបានចាក់សោទ្វារ ប៉ុន្តែក្រោយពេលធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន ស្រាប់តែត្រូវបានឪពុករបស់ជនរងគ្រោះឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗយកមកប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងសៀមរាប បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះទ្រី រ៉ូមីហ្សឺ ហៅធី នីតា ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ចំណែកឯជនរងគ្រោះ ឈ្មោះ សំ ស្រីដែន ហៅហ្វាស៊ីរ៉ា ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរបុគ្គលិកផ្សារទំនើប មានលំនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន កងដៃឈុតធ្វើអំពីប្លាទីន ចំនួនដប់កង ដែលមានតម្លៃទឹកប្រាក់ចំនួន៧០០ដុល្លារ ខ្សែដៃ១ខ្សែ ប្រភេទច្រវាក់ឆាប ធ្វើអំពីប្លាទីន ចំនួន១ខ្សែ មានទម្ងន់៥ជី តម្លៃ៥០០ដុល្លារ ចិញ្ចៀនម៉ូដផ្កាចាន់ ត្បូងពណ៌ស ធ្វើអំពីប្លាទីន ចំនួន១វង់ មានតម្លៃ៧០ដុល្លារ iPad ចំនួន១គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារ ប្រាក់ចំនួន៤០ដុល្លារ ២០០បាត និង១លាន៨សែនរៀល។
ជនសង្ស័យខាងលើ ត្រូវបាននគរបាលជំនាញធ្វើការសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕