Friday, August 15, 2025
Homeព័ត៌មានជាតិអាណិតបុរសពោះម៉ាយ នាងក្រមុំដេកស្តាយ... ៧ខែទើបជួបមុខ

អាណិតបុរសពោះម៉ាយ នាងក្រមុំដេកស្តាយ… ៧ខែទើបជួបមុខ

ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីរួមរស់មិនចុះសម្រុងជាមួយប្រពន្ធ ត្រូវប្រពន្ធប្តឹងលែងលះ លុះលែងគ្នារួចក៏ចេញទៅសុំស្ត្រីម្នាក់ ស្នាក់នៅជាមួយ ស្រាប់តែឃើញស្ត្រីជាម្ចាស់ផ្ទះធ្វេសប្រហែសដាក់សោចាប់នឹងម៉ូតូ ក៏បែកគំនិតលួចយកម៉ូតូជិះគេចខ្លួនបាត់អស់៧ខែ ទើបស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូតាមរកមុខឃើញ ចាប់អូសកយកទៅប្រគល់ឱ្យសមត្ថកិច្ច។

ករណីពោះម៉ាយស៊ីដាច់ម៉ូតូអ្នកជួយយកអាសាខាងលើនេះ បានកើតឡើងកាលវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង។ លុះមកដល់វេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបសាច់ញាតិម្ចាស់ម៉ូតូតាមរកមុខជនសង្ស័យឃើញ នៅចំណុចខាងកើតស្ពានព្រែកសំរោង ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ចាប់អូសកយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះសុក សៀកមួយ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគូ ចាន់ទី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យនិងជនរងគ្រោះ មានលំនៅក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ជាមួយគ្នា។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ក្រោយពេលដែលប្រពន្ធលែងលះរួច ជនសង្ស័យបានមកសុំផ្ទះជនរងគ្រោះស្នាក់នៅជាបណ្តោះអាសន្ន ដើម្បីធ្វើការដូរយកបាយហូប។ ចំណែកស្ត្រីរងគ្រោះហេតុតែនឹកឃើញអាណិត ក៏យល់ព្រមជួយយកអាសាព្រមឱ្យស្នាក់នៅជាមួយ។ លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០  ជនរងគ្រោះ បានទុកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី  នៅសំយាបមុខផ្ទះ ដោយមានជាប់សោនៅនឹងម៉ូតូផង ខណៈនោះជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះទៅបាត់តែម្តង។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្អាងភ្នំ ដើម្បីស្រាវជ្រាវចាប់ខ្លួន។

ប្រភពខាងលើ បញ្ជាក់ថា រហូតដល់វេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះសុខ សែ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះបានប្រទះឃើញជនសង្ស័យនៅចំណុចខាងកើតស្ពានព្រែកសំរោង ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី ហើយបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូភិនភាគខាងលើប្រាកដមែន ហើយខ្លួនបានយកទៅឱ្យឈ្មោះចាន់ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ យកទៅដាក់បញ្ចាំនៅរាជធានីភ្នំពេញ ហើយនៅពេលថ្មីៗនេះ ឈ្មោះចាន់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន បាត់ទៅហើយ។

ករណីនេះ កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES