ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឆ្លើយតបបំភ្លឺចំពោះព័ត៌មានដែលបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីឧកញ៉ាម្នាក់បានប្រើប្រាស់អំពើហិង្សា វាយទៅលើស្ត្រីភេទទន់ខ្សោយ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ San Prum បង្ហោះថា “ភិរម្យ វិចិត្រដារ៉ា ឧកញ៉ាមានលុយ វ៉ៃស្ត្រីទន់ខ្សោយ នៅខេត្តព្រះសីហនុ មិនបាច់ជាប់គុក មិនបាច់ជាប់បណ្តឹងអាជ្ញា ដោយសារមានលុយ អាចប្រើខ្មោចឱ្យកិនម្សៅបាន…”។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា ករណីខាងលើ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅហាងឡាវ៉ុក ជាន់ទី១២ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មកម៉្លេះ រវាងឈ្មោះគឹម ចាន់សុធី ភេទស្រី សញ្ជាតិខ្មែរ អាយុ២៧ឆ្នាំ និងឈ្មោះ ភិរម្យ វិចិត្រដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរដូចគ្នា។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឈ្មោះ គឹម ចាន់សុធី និងឈ្មោះភារម្យ វិចិត្រដារ៉ា បានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាងគ្នា និងគ្នារួចរាល់ ហើយឈ្មោះគឹម ចាន់សុធី ក៏បានស្នើសុំដកពាក្យបណ្តឹងរបស់នាង ដែលចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅថ្ងៃដដែរនោះដែរ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់បន្ថែមថា សំណុំរឿងនេះ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងផែនប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មកម៉្លេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕