ខេត្តព្រះសីហនុ ៖ បុរសម្នាក់ជាគ្រូបង្រៀនសាលាបឋមសិក្សានៅលើកោះរ៉ុង បានកើតមានអាការដួលប្រកាច់ភ្លាមៗ ដោយសារអាការជំងឺលើសឈាមធ្វើទុក្ខ និងគ្មានមធ្យោបាយធ្វើដំណើរមកមន្ទីរពេទ្យលើដីគោក ដើម្បីសង្គ្រោះ ត្រូវបានលោកឧកញ៉ាទៀ វិចិត្រ បញ្ជាឱ្យបញ្ជូនអូប័រល្បឿនលឿន១គ្រឿង ចេញទៅជួយដឹកជនរងគ្រោះមកសង្គ្រោះជីវិតនៅមន្ទីរពេទ្យភ្លាមៗ ប្រកបដោយជោគជ័យ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

បុរសរងគ្រោះដែលកើតអាការដួលប្រកាច់ ចាំបាច់ត្រូវការសង្គ្រោះបន្ទាន់ខាងលើ មានឈ្មោះងែត រ៉ុង អាយុ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សាព្រែកស្វាយ ស្ថិតនៅលើកោះរ៉ុង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺលើសឈាមប្រចាំកាយ ហើយមុនពេលកើតហេតុ ជនរងគ្រោះត្រូវបានអាការជំងឺធ្វើទុក្ខ បណ្តាលឱ្យដួលប្រកាច់ ធ្វើឱ្យកើតមានការផ្អើលឆោឡោយ៉ាងខ្លាំង ប៉ុន្តែមិនដឹងជាត្រូវធ្វើបែបណា ដោយសារតែគ្មានលទ្ធភាពនិងមធ្យោបាយដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឯដីគោកបានឡើយ។

ភ្លាមៗនោះ បន្ទាប់ពីទទួលបានដំណឹងខាងលើភ្លាម លោកឧកញ៉ាទៀ វិចិត្រ បានបញ្ជាឱ្យបញ្ចេញអូប័រល្បឿនលឿន១គ្រឿង ទៅកោះរ៉ុង ដើម្បីទទួលយកជនរងគ្រោះដឹកមកកាន់ដីគោកបញ្ជូនទៅសង្គ្រោះជីវិតភ្លាមៗ។ ចំណែកនៅដីគោកឯណេះវិញ ក៏មានការអន្តរាគមន៍ពីឧកញ៉ាទៀ វិចិត្រ ឱ្យរថយន្តសង្គ្រោះបន្ទាន់១គ្រឿង មកចាំទទួលជនរងគ្រោះនៅមាត់ច្រាំងផងដែរ។

ទីបំផុត ក្រោមការយកចិត្តទុកដាក់ពីក្រុមការងារដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧកញ៉ា ទៀ វិចិត្រ លោកគ្រូបង្រៀនដែលជាអ្នកជំងឺខាងលើ ត្រូវបានដឹកបញ្ជូនតាមអូប័រល្បឿនលឿនមកដល់ក្រុងព្រះសីហនុ និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះជីវិត ប្រកបដោយជោគជ័យ។

ជាមួយនេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានបង្ហោះសារក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃដដែលនោះថា “ក្រោយពីទទួលដំណឹងថា មានប្រជាពលរដ្ឋដួលប្រកាច់ គាត់ឈ្មោះ លោកគ្រូ ងែត រ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាបឋមព្រែកស្វាយ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ អាការបណ្តាលមកពីមូលហេតុលើសឈាម ខ្ញុំក៏សម្រេចបញ្ជូនអូប័រទៅទទួលយកគាត់មកមន្ទីរពេទ្យភ្លាមៗ សូមអរគុណក្រុមការងារទាំងអស់ ដែលបានជួយគាត់ទាន់ពេល…”៕



