តារាកូន១ ឱក សុគន្ធកញ្ញា បានបង្ហាញសកម្មភាពថែរក្សាសម្រស់ច្រើន ក្រោយពីបានធ្វើខួបកំណើតឲ្យកូនប្រុសរបស់នាង ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅ Charlie កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្វីដែលសុគន្ធកញ្ញា ត្រូវប្រញ៉ាប់ជាបន្ទាន់ក្នុងការត្រៀមវាយលុកទីផ្សារចម្រៀងឡើងវិញនោះ គឺការសម្រកទម្ងន់ពីកាម៉ាប់ៗ មកជារាងស្វែលឡើងវិញ ទើបអាចអុកឡុកច្រៀងរាំឲ្យគេចាប់អារម្មណ៍ជាថ្មីម្ដងទៀត ខណៈដែលរយៈពេល១ឆ្នាំនេះ នាងស្ងប់ស្ងាត់ និងគ្មានបទល្បីៗដូចមុនទេ គឺតាំងពីខែតុលា ឆ្នាំ២០១៩ មកម្ល៉េះ។

ការដែលនាងបន្ធូរដៃបែបនេះ គឺដើម្បីសម្រាលកូននិងរង់ចាំឲ្យបានរឹងដៃរឹងជើងឡើងវិញសិន ទើបវាយលុកជាថ្មី ខណៈដែលគ្រូភេ្លងនៅហង្សមាស ម្នាក់ បានបង្ហើបឲ្យដឹងថា បទចម្រៀងរបស់សុគន្ធកញ្ញា បានត្រៀមជាច្រើនបទ ប៉ុន្ដែដោយសារតែស្ថានភាពកូវីដ-១៩ មិនទាន់ស្ងាត់ និងនាងទើបសម្រាលកូនបាន១ឆ្នាំ ទើបមិនទាន់ចេញបុកសម្រុកដូចមុន។

យ៉ាងណា ក្រោយសុគន្ធកញ្ញា មានប្ដី និងកូន១នេះ គេនៅតែមានភាពស្រពេចស្រពិលចំពោះកេរ្ដិ៍ឈ្មោះរបស់ប្អូនថ្លៃថៅកែហង្សមាស រូបនេះថា តើនាងនៅតែឈានមុខគេក្នុងចំណោមតារាចម្រៀងស្រីនៅផលិតកម្មបងថ្លៃរបស់នាង តទៅទៀត ឬមួយក៏ប្រឈមធ្លាក់ចុះវិញ ព្រោះពេលនេះអ្នកចម្រៀងស្រីនៅហង្សមាស មានតែកញ្ញារ៉េត ស៊ូហ្សាណា ម្នាក់គត់ ដែលមានសន្ទុះឡើង។

ប៉ុន្ដែអ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ និងលោកនូ ស៊ិប ធ្លាប់និយាយស្របគ្នាថា ការមានប្ដីនិងកូន មិនមែនធ្វើឲ្យសុគន្ធកញ្ញា ធ្លាក់កូដនោះទេ ព្រោះថា ក្រៅពីមានសមត្ថភាពដោយចេញពីសាលាវិចិត្រសិល្បៈនោះ សុគន្ធកញ្ញា បានក្លាយទៅជាប្អូនថ្លៃថៅកែផលិតកម្ម ហើយឥទ្ធិពលរបស់នាងប្រៀបដូចជាម្ចាស់ ឬថៅកែហង្សមាស ដែរ អីចឹងផលិតកម្មមួយនេះនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះនោះឡើយ។

ឱក សុគន្ធកញ្ញា ក្រោយសម្រាលកូនបានងាកមកចាប់កាន់ក្បាលមីក្រូឡើងវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២០ នោះ នាងច្រៀងសម្ដែងតែនៅលើឆាកហង្សមាស ដែលគ្រប់គ្រងនិងដឹកនាំដោយប្ដីនាង លោកអ៊ឹង សុខលី ប៉ុណ្ណោះ គេមិនដែលឃើញនាងឡើងឆាកផ្សេងៗទៀតឡើយ។
អ្នកខ្លះសង្ស័យថា នាងត្រូវប្ដីចងជើងមិនឲ្យឡើងប៉ុស្ដិ៍ទូរទស្សន៍ផ្សេង គឺទុកតែឡើងកម្មវិធីធំៗរបស់ហង្សមាស តាម Sponsor តម្រូវការ។

ប៉ុន្តែតារាហង្សមាសម្នាក់ខ្សឹបប្រាប់ថា កម្មវិធីប្រគំតន្រ្ដីនៅហង្សមាស មានច្រើនណាស់ អីចឹងទោះជាសុគន្ធកញ្ញា មិនចាំបាច់ឡើងប៉ុស្ដិ៍ផ្សេង ក៏នាងឡើងតែកម្មវិធីប្ដីនាងមិនទាន់ផង។
តារារូបនោះបន្ថែមថា ការឡើងច្រៀងនៅប៉ុស្ដិ៍ផ្សេង គឺទាល់តែមានការអនុញ្ញាតពីប្ដីនាងមែន ទើបសុគន្ធកញ្ញា ទៅ ប៉ុន្ដែប៉ុស្ដិ៍ផ្សេងទៀត អាចមកពីតម្លៃមិនដល់ដែរ បានជានាងមិនសូវឃើញឡើង ព្រោះបើនាងច្រៀងនៅប៉ុស្ដិ៍ហង្សមាស ១កម្មវិធី ស៊ីថ្លៃ១០០០ដុល្លារ ទៅច្រៀងប៉ុស្ដិ៍ផ្សេង គេឲ្យក្រោមនេះ ក៏នាងទៅមិនកើតដែរ។

ឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថា នាងជាតារាចម្រៀងម្នាក់ដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហា នៅឆ្នាំ២០១៩-២០២០ ក្រោយនាងដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងពេលនេះទទួលបានចំណងដៃកូនប្រុសម្នាក់នោះ ពេលនេះនាងកាន់តែបង្ហាញនូវក្ដីសុខសុភមង្គលកាន់តែលើសមុនទៅទៀត តាមរយៈប្ដីនាងស្រលាញ់និងថ្នាក់ថ្នមមិនឲ្យទើសចិត្ត ។

ដោយឡែក នារីមួយចំនួនដែលធ្លាប់តាមស្នេហាប្ដីសុគន្ធកញ្ញា នោះ ចាប់ផ្ដើមលែងហ៊ានស្និទ្ធស្នាលជាមួយលោកសុខលី បន្ទាប់ពីមុននេះ ផ្ទុះរឿងប្ដីគង់ សុជាតិ បង្កាត់ភ្លើងស្នេហាជាមួយចាន់ កែវនិមល ដែលធ្វើឲ្យសុគន្ធកញ្ញា ប្រយ័ត្នប្រយ៉ែងជាខ្លាំងចំពោះនារីខ្លះដែលចង់ឲ្យដៃលោកសុខលី ព្រោះនាងមិនចង់ជួបរឿងដូចគង់ សុជាតិ ចូលដេកពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់នោះឡើយ៕ ហ៊ឹម វិចិត្រ