Friday, August 15, 2025
Homeព័ត៌មានជាតិក្រោយគាត់ធ្វើសកម្មភាព ស្រីទាំង៣ នាំគ្នាដេញតាម ចាប់ឲ្យប៉េអឹម

ក្រោយគាត់ធ្វើសកម្មភាព ស្រីទាំង៣ នាំគ្នាដេញតាម ចាប់ឲ្យប៉េអឹម

ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិខ្មែរ-អ៊ិស្លាមម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានយកប្រាក់រៀលក្លែងក្លាយនិងប្រាក់ដុល្លារសែន (លុយខ្មោច) យកទៅទិញអីវ៉ាន់ពីអ្នកលក់ដូរ ចំនួន៣នាក់ ត្រូវជនរងគ្រោះពិនិត្យដឹងថាជាលុយក្លែងក្លាយ ក៏ប្តឹងសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក។

ជនរងគ្រោះចំនួន៣នាក់ រួមមាន ទី១- ឈ្មោះនី ណាវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក។ ទី២-ឈ្មោះផ្លុង ប៊ុនស ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិខាងលើជាមួយគ្នា និងទី ៣-ឈ្មោះហ៊ឹម ស៊ាងហួន ភេទស្រី អាយុ៤៥ ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិខាងលើ ជាមួយគ្នា។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី គ្រីយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរលក់ដូរ មានលំនៅក្នុងភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានយកប្រាក់រៀល និងប្រាក់ដុល្លារ ដែលសុទ្ធសឹងតែជាលុយក្លែងក្លាយ យកទៅបន្លំទិញអីវ៉ាន់ពីជនរងគ្រោះទាំង៣នាក់ ខាងលើ។

លុះក្រោយមក ជនរងគ្រោះបានពិនិត្យមើលលុយដឹងថា សុទ្ធតែជាលុយក្លែងក្លាយ (លុយខ្មោច) ក៏បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យឈ្មោះលី គ្រីយ៉ា រួចក៏មកដល់ចូលប្តឹងសមត្ថកិច្ច អាវុធហត្ថ នៅស្នាក់ការសន្តិសុខ៧២២ ឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ មូលហេតុដោយជនសង្ស័យរូបនេះបានយកលុយក្រដាសក្លែងក្លាយ ទិញអីវ៉ាន់របស់ពួកគាត់។

ដោយបានការអនុញ្ញាតពីលោកជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការត្រួតពិនិត្យក្នុងហោប៉ៅ និងក្រោមកែបម៉ូតូរបស់ជនសង្ស័យ ចាប់យកវត្ថុតាង រួមមាន ក្រដាសប្រាក់១ម៉ឺនរៀលក្លែងក្លាយ ចំនួន១៨សន្លឹក, ក្រដាសប្រាក់១០ដុល្លារក្លែងក្លាយ ចំនួន១១សន្លឹក, លុយរៀលសុទ្ធ ចំនួន៧.៤៨៥.០០០រៀល និងម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BR -3668 ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួន ជាមួយវត្ថុតាង ដើម្បីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី៕

RELATED ARTICLES