Friday, August 15, 2025
Homeព័ត៌មានជាតិម៉ាសក៍ និងបរិក្ខារពេទ្យ ៣យន្តហោះ កម្ពុជា ដឹកប្រគល់ជូនមីយ៉ាន់ម៉ារ

ម៉ាសក៍ និងបរិក្ខារពេទ្យ ៣យន្តហោះ កម្ពុជា ដឹកប្រគល់ជូនមីយ៉ាន់ម៉ារ

ភ្នំពេញ-ណៃពិដោរ ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយ៣យន្តហោះ ក្នុងនោះរួមមាន ម៉ាសក៍ ជាង២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ារ នៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ារ។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារ រួមមាន ៖ ម៉ាសក៍ ចំនួន២លាន, ម៉ាសក៍ក្រណាត់ ១ម៉ឺន, ម៉ាសក៍ N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ២ម៉ឺនឈុត, ម៉ាស៊ីនវាស់កម្តៅ ចំនួន៥០០, របាំងមុខ ចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រពោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារ:បន្ទាប់បន្សំ ម៉ូដែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាម ក្នុង១ធុង (ក្លរ៉ាមីន ប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

គួរបញ្ជាក់ថា ក្នុងសារលិខិត ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ញើជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនលោកស្រី អោង សានស៊ូជី ថា “លោកជំទាវ ខ្ញុំសូមសម្តែងជាថ្មីម្តងទៀត នូវការអបអរសាទរដ៏ស្មោះស្ម័គ្រជូនលោកជំទាវ ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ារ នាពេលថ្មីៗនេះដែលបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់លោកជំទាវ ក្នុងការដឹកនាំមីយ៉ាន់ម៉ារ ឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរ ក្នុងកិច្ចផ្សះផ្សាជាតិ និងកសាងជាតិ។ ខ្ញុំក៏សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន”។

សារលិខិតសម្តេចហ៊ុន សែន បន្តថា “ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ-១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសក៍ ចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ារ។

ទន្ទឹមនេះ ខ្ញុំចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា”។

សូមរំលឹកដែរថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់អំណោយ រួមមាន ម៉ាសក៍ ចំនួន២លាន១សែន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ជូនប្រទេសឡាវ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ៕

RELATED ARTICLES