យូរី បានចេញបទថ្មីរបស់ខ្លួនបើកឆាកនៅផលិតកម្មរស្មីហង្សមាស ”ផាំងៗ” ដែលទាំងការស្លៀកពាក់ និងស្ទីលសម្ដែង គឺខុសកាលពីមុនទាំងអស់។ នេះជាការឈានជំហានថ្មីមួយទៀតរបស់ស្រីស្អាតយូរី ខណៈដែលនាងត្រូវការប្រកួតប្រជែងកាន់តែមានភាពស្វិតស្វាញជាងមុន ព្រោះហង្សមាស ប្រជុំទៅដោយតារាខ្លាំងៗ តែយូរី មានទឹកដមសំឡេងត្រឹមមធ្យមប៉ុណ្ណោះ។

ប៉ុន្ដែការលេងស្ទីលយុវវ័យ រួមផ្សំជាមួយក្បាច់រាំរស់រវើកផង ទើបធ្វើឲ្យយូរី ត្រូវបានថៅកែហង្សមាស មិនអាចមើលរំលងបាន រហូតបញ្ចូលទៅជាសមាជិកផលិតកម្មធំនេះ តាមរយៈការទៅជំនួសតំណែងកញ្ញាទេព បូព្រឹក្ស ដែលស្ពាយបង្វេចចេញទៅតាមសង្សារងួន ចាន់ដេវីត កាលពីឆ្នាំមុន។

យូរី មិនអាចប្រជែងសមត្ថភាពជាមួយតារាខ្លាំងៗនៅហង្សមាស បានទេ ប៉ុន្ដែនាងជាតារាចម្រៀងផ្នែកយុវវ័យ ហេតុនេះហើយការតុបតែងខ្លួនបែប Cute និងក្បាច់រាំគួរឲ្យក្នាញ់នោះ នាងនៅតែអាចរក្សាតំណែងជាតារាចម្រៀងមានទីផ្សារបាន ពិសេសគឺការចេញមុខច្រៀងកាន់តែច្រើននៅកម្មវិធីប្រគំតន្រ្ដីរបស់ហង្សមាស រឹតតែធ្វើឲ្យនាងអាចធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួល។

ដោយឡែក អ្នកជំនាញសិល្បៈបានលើកឡើងថា ការទៅដល់ហង្សមាស របស់យូរី នឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយតារាចម្រៀងថោន កញ្ញារ៉ាប៊ី ជាមិនខាន ហើយប្រសិនបើរ៉ាប៊ី នៅតែមិនហ៊ានចេញបទថ្មីទៀតនោះ យូរី នឹងអាចមានប្រៀបជាងនាងជាមិនខាន ខណៈដែលកញ្ញាទេព បូព្រឹក្ស ឱកាសនៃការប្រជែងយកតំណែងឈានមុខផ្នែកទីផ្សារតារាចម្រៀងផ្នែកយុវវ័យ កាន់តែខើចទៅៗ បើទោះជានាងមានគូស្នេហ៍ងួន ចាន់ដេវីត ចេះធ្វើភ្លេងក្ដី។

តាមព័ត៌មានថា ក្រោយយូរី ទៅដល់ផលិតកម្មធំហង្សមាស នេះ ថៅកែហាងផឹកស៊ី លោកជា នី ដែលជាគូស្នេហ៍របស់តារាសិចស៊ីរូបនេះ ហាក់រីករាយសប្បាយចិត្តប្លែកតែម្ដង ហើយអ្នកទាំង២ កាន់តែស្អិតល្មួតគ្នាថែមទៀតផង បើទោះជាទាំងសងខាងមិនទាន់សារភាពស្នេហ៍ក្ដី។

មុនចេញមុខនៅហង្សមាស យូរី ថែមទាំងបានដាក់ទុកជាច្រើនម៉ឺនដុល្លារ វិនិយោគលើហាងផឹកស៊ីមួយកន្លែង ដែលគ្រោងសម្ពោធនៅដើមឆ្នាំ២០២១ ខាងមុខនេះហើយ៕

