Thursday, August 14, 2025
Homeព័ត៌មានជាតិសូមនាំគ្នាឈប់ផឹកទឹកស្រែទៀត ប្រយ័ត្នជួបករណីដូចនេះ

សូមនាំគ្នាឈប់ផឹកទឹកស្រែទៀត ប្រយ័ត្នជួបករណីដូចនេះ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ១ក្រុម មានគ្នា១៣នាក់ បាននាំគ្នាទៅច្រូតស្រូវជុំគ្នា លុះដល់វេលាថ្ងៃត្រង់ ហូបបាយជុំគ្នារួច ក៏ទៅដួសទឹកចេញពីក្នុងស្រែយកមកផឹកទាំងអស់គ្នា ស្រាប់តែកើតមានអាការវិលមុខក្អួតចង្អោរគ្រប់ៗគ្នា និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ស្ត្រីចំនួន២នាក់ ក្នុងចំណោមនោះ បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ ខណៈដែល១១នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស។

ស្ត្រីរងគ្រោះទាំង២នាក់ ដែលបានបាត់បង់ជីវិត ទី១- ឈ្មោះណុល វ៉ារ៉ុម អាយុ៤៥ឆ្នាំ មុខរបរកសិករ និងទី២- ឈ្មោះម៉ៅ ចិន្តា អាយុ៤៧ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង២នាក់ខាងលើ រួមនិងប្រជាពលរដ្ឋ ១១នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ក្នុង មន្ទីរពេទ្យ សុទ្ធតែមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោកភួង ជីម ភេទប្រុស អាយុ៥០ឆ្នាំ ជាក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ និងម្ចាស់ស្រែមានចំនួនសរុប ១៣នាក់ និងមានក្មេងស្រីម្នាក់ផងដែរ បាននាំគ្នាចេញទៅច្រូតស្រូវ នៅខាងត្បូងភូមិជីប៉្រង ដោយនៅផ្នែកខាងលើស្រែនោះ មានចម្ការឪឡឹកមួយ ដែលម្ចាស់ចម្ការឪឡឹកនោះ យកទឹកនៅក្នុងស្រែ មកលាយថ្នាំពុល បាញ់សម្លាប់សត្វល្អិត ។

ប្រភពដដែល បន្តថា នៅក្នុងស្រែនោះ មានកូនអណ្តូងតូចមួយដែលចេញទឹក  ហើយម្ចាស់ស្រែ តែងតែដងយកទឹកមកចែកគ្នាផឹក នៅពេលហូបបាយថ្ងៃត្រង់រួច ជាប្រចាំ។ លុះមកដល់ថ្ងៃកើតហេតុ វេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីហូបបាយថ្ងៃត្រង់រួច ម្ចាស់ស្រែ បានទៅដងទឹកនៅចំណុចខាងលើ យកមកផឹកជុំគ្នាដូចសព្វដង។

ស្រាប់តែផឹកទឹករួច រហូតដល់ម៉ោងជាង៤រសៀល ថ្ងៃដដែលនោះ ជនរងគ្រោះទាំង ១៣នាក់ ក៏ចាប់ផ្តើមកើតមានអាការក្អួតចង្អោរជាខ្លាំង និងអ្នកផ្សេងទៀតបានពុល ជាបន្តបន្ទាប់ទៀត បានបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារអាការធ្ងន់ខ្លាំង ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅម៉ោង៩យប់ និងដោយសារតែអាការធ្ងន់ រហូតដល់ម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ត្រីម្នាក់ ជាម្ចាស់ស្រែបានស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់មក នៅម៉ោង ៥និង៤៥នាទីល្ងាច ថ្ងៃដដែលនោះ ក៏មានស្ត្រីម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យខេត្តដែរ។

ប្រភពខាងលើ បញ្ជាក់ថា ដោយសារតែនៅខាងលើស្រែ មានចម្ការឡឹកមួយ ហើយម្ចាស់ចម្ការទើបនឹងបាញ់ថ្នាំសត្វល្អិតរួច ទើបនៅពេលពលរដ្ឋដងទឹកក្បែរនោះផឹក បណ្តាលឱ្យពុលរហូតដល់ស្លាប់ដូច្នេះ។

រហូតមកដល់ពេលនេះ អ្នកជំងឺទាំង១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានអាការរបស់ជនរងគ្រោះទាំងនោះផងដែរ។

ទាក់ទិនករណីនេះ សមត្ថកិច្ចជំនាញ ជាពិសេសមន្ទីរសុខាភិបាលខេត្ត កំពុងធ្វើការស្រាវជ្រាវរកមូលហេតុ៕

RELATED ARTICLES