Thursday, August 14, 2025
Homeព័ត៌មានជាតិឆែកថ្នាំញៀន ប៉ះក្រុមចាប់ជំរិត សមត្ថកិច្ចចាប់ខ្លួនបាន៤នាក់

ឆែកថ្នាំញៀន ប៉ះក្រុមចាប់ជំរិត សមត្ថកិច្ចចាប់ខ្លួនបាន៤នាក់

ខេត្តព្រះសីហនុ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀននៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ ស្ទាក់ឆែកប៉ះក្រុមជនសង្ស័យចាប់ជំរិត ក៏ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាច្រើន ពាក់ព័ន្ធទៅនឹងសកម្មភាពចាប់ជំរិត។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖

ទី១- ឈ្មោះ ZHANG GE XIN ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

ទី២- ឈ្មោះ LU LU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

ទី៣- ឈ្មោះ SONG JIA MING ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅកាស៊ីណូ  WM ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ

និងទី៤- ឈ្មោះ JIANG BAO ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន ដំបងឆក់ ១ដើម ខ្នោះដៃ ១គូ ស្រោមខ្នោះ១ ខ្សែលួស ១ដុំ ម៉ាសក៍ ១៨សន្លឹក មួកកាតិប ពណ៌ខ្មៅ ៤ អាវធំ ពណ៌ខៀវ -ស្បោងក្រណាត់ខ្មៅសម្រាប់គ្របមុខ១ ស្រោមដៃ៥គូ ទូរស័ព្ទដៃ២គ្រឿង (ម៉ាក iPhone 7 និងម៉ាក Samsung) រថយន្ត១គ្រឿង ម៉ាកស្តារិច ពណ៌ស ស្លាកលេខភ្នំពេញ 2BC-6802 (ជាស្លាកលេខក្លែងក្លាយ)។

តាមប្រពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានស្ទាក់ឃាត់ឆែកឆេរប៉ះរថយន្ត១គ្រឿង ម៉ាកស្តារិច ពណ៌ស បើកបរដោយជនជាតិចិន និងមានអ្នករួមដំណើរចំនួន៣នាក់ទៀត។

ក្នុងការត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារៈមួយចំនួន ដែលជាឧបករណ៍ប្រើប្រាស់ក្នុងការចាប់ជំរិតមនុស្ស ទើបធ្វើការឃាត់ខ្លួនជនជាតិចិន ទាំង៤នាក់ ដែលនៅក្នុងរថយន្តនោះតែម្តង។

ករណីនេះ កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ ខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES