Thursday, August 14, 2025
Homeព័ត៌មានជាតិធ្វេសប្រហែលបន្តិច លុយជាង៨០០០ដុល្លារ អស់តែមួយប៉ប្រិចភ្នែក

ធ្វេសប្រហែលបន្តិច លុយជាង៨០០០ដុល្លារ អស់តែមួយប៉ប្រិចភ្នែក

ខេត្តបាត់ដំបង ៖ តូបលក់ចាប់ហួយមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បន្ទាប់ពីម្ចាស់តូបមានការធ្វេសប្រហែស បូមសាំងលក់នៅក្បែរចង្ក្រានដែលកំពុងតែដាំបាយ ជាហេតុធ្វើឱ្យមានការឆាបឆេះក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅតែម្តង។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិសៀម ឃុំអម្ពិលប្រាំដើម ស្រុកបវេល។

តូបលក់ចាប់ហួយដែលទទួលរងការឆាបឆេះអស់ទាំងស្រុង មានទំហំ៩ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះរ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិសៀម ឃុំអម្ពិលប្រាំដើម ស្រុកបវេល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាម្ចាស់តូបលក់ចាប់ហួយខាងលើ បានយកប្រេងសាំងទៅបូមច្រកដប នៅក្បែរចង្ក្រានដែលកំពុងតែដាំបាយ ជាហេតុធ្វើឱ្យកើតជាការឆាបឆេះឡើងសន្ធោសន្ធៅ ផ្អើលអ្នកជិតខាងមកជួយពន្លត់ដែរ តែមិនឈ្នះ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង តែអកុសលយឺតពេលទៅហើយ ដោយសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ទាន់ពេលនោះ ទេ ដោយសារផ្លូវឆ្ងាយ និងទទួលដំណឹងយឺតពេលពេក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ សាកសួរនៅកន្លែងកើតហេតុ ទើបដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីម្ចាស់តូប មានការធ្វេសប្រហែស ដោយយកប្រេងសាំង មកបូមក្បែរចង្ក្រានដាំបាយ ទើបបណ្តាលឱ្យឆាបឆេះឡើងតែម្តង។

តាមការបញ្ជាក់ពីម្ចាស់តូបចាប់ហួយខាងលើ បានឱ្យដឹងនៅល្ងាចថ្ងៃដដែលនោះថា សម្ភារ:ខូចខាតក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ រួមមាន តូបលក់ចាប់ហួយ១ខ្នង ទាំងស្រុង រួមនិងអីវ៉ាន់ចាប់ហួយ គិតជាទឹកប្រាក់សរុបចំនួន៨០០០ដុល្លារ  និងទ្រព្យសម្បត្តិជាច្រើនទៀត៕

RELATED ARTICLES