ភ្នំពេញ ៖ ទីបំផុតកម្មវិធីប្រកួតប្រជែងបវរកញ្ញាចក្រវាលកម្ពុជា រដូវកាលទី៤ បានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ប្រចាំឆ្នាំ២០២០ ហើយ គឺកញ្ញារ៉េត សារីតា ដែលនាងបានគ្រងមកុដក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាយ័ន ។

គួរបញ្ជាក់ថា ម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ កញ្ញារ៉េត សារីតា វ័យ២៤ឆ្នាំ ជាបេក្ខនារីពាក់ស្លាកលេខ១៨ ។ សារីតា បានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេស និងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ។ បវរកញ្ញាសម្បុរស្រអែមរូបនេះ ចេះនិយាយភាសាបរទេស៣យ៉ាងស្ទាត់ គឺភាសាអង់គ្លេស ថៃ និងបារាំង។

កាលវ័យ១៩ឆ្នាំ បវរកញ្ញារូបនេះទទួលបានពានរង្វាន់ជើងឯក CHAMPION AWARD ដំបូងគេនិងក្មេងជាងគេ បន្ទាប់ពីការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ BBC Cambodiaដែលមានឈ្មោះថា Love9 ដែលជាកម្មវិធីជួយលើកកម្ពស់ការយល់ដឹងអំពីការអប់រំសុខភាពផ្លូវភេទនិងសុខភាពបន្តពូជសម្រាប់យុវជន។ បន្ថែមពីលើនោះ កញ្ញាធ្លាប់ចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីនិយាយអំពីសុខភាពផ្លូវភេទសម្រាប់យុវជនផងដែរ។ សារីតា ធ្លាប់ទទួលបានពានរង្វាន់យុវជនឆ្នើមប្រចាំឆ្នាំ២០១៥ ពីអង្គការ UNFPA ទៀតផង។

រ៉េត សារីតា មានចំណូលចិត្តលេងបាល់ទាត់ ហែលទឹក និងចម្អិនអាហារ។ កញ្ញាចាប់ផ្តើមធ្វើដំណើរតាំងពីអាយុ៨ឆ្នាំ រហូតមកទល់ពេលនេះ នាងបានទៅដល់ប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក វៀតណាម ថៃ តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន។

រ៉េត សារីតា ក៏ត្រូវបានគេស្គាល់ផងដែរថា ជាពិធីការិនីទូរទស្សន៍ ធ្លាប់បានចូលរួមព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេស ដូចជា កម្មវិធីប្រកួតអន្តរជាតិពានរង្វាន់រាត្រី និងព្រឹត្តិការណ៍សាជីវកម្មជាច្រើនដែលមានគេស្គាល់ទូទាំងពិភពលោក និងជាឯកអគ្គរដ្ឋទូតម៉ាកយីហោមួយចំនួនផងដែរ។ ក្រៅពីនេះ កញ្ញាក៏ជាតារាសម្តែង អ្នកផលិតខ្សែភាពយន្ត និងថ្មីៗនេះ នាងទើបតែបញ្ចប់វគ្គសិក្សានិពន្ធរឿង ហើយនាងក៏ធ្លាប់ហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ផងដែរ។

រ៉េត សារីតា នឹងក្លាយជានារីទីបួន តំណាងឲ្យកម្ពុជា ក្នុងការប្រកួតបវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០២០-២០២១ នៅពេលខាងមុខនេះ៕
