Tuesday, August 12, 2025
Homeព័ត៌មានជាតិម្ចាស់ផ្ទះធ្វេសប្រហែស... អ្នកជិតខាងនាំគ្នាជួយជិត១ម៉ោង ទើបស្ងប់

ម្ចាស់ផ្ទះធ្វេសប្រហែស… អ្នកជិតខាងនាំគ្នាជួយជិត១ម៉ោង ទើបស្ងប់

ខេត្តសៀមរាប ៖ ផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារមូលហេតុនៃការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ដែលបានធ្វើការបូមផ្ទេរសាំងចេញពីប៊ីដុងនៅក្បែរចង្ក្រានហ្គាស ដែលកំពុងដាក់ដាំបាយ ទើបបង្កឱ្យកើតជាការផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក។

ផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះតៀម សង់ផ្ទាល់ដី មានលក់អីវ៉ាន់ចាបហួយ ទំហំ៨ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបក្រាលការ៉ូ មានម្ចាស់ឈ្មោះឡុត ឡា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ និងប្រពន្ធឈ្មោះឃឿន កាហ៊ុប អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីម្ចាស់ផ្ទះរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ (ឡុត ឡា) ជាម្ចាស់ផ្ទះកំពុងដាំបាយចង្ក្រានហ្គាសនៅក្នុងផ្ទះ លុះបន្តិចក្រោយមក គាត់ក៏បានទៅបូមសាំងចេញពីប៊ីដុងចំណុះ៣០លីត្រ ដាក់ដប ដើម្បីទុកលក់។ លុះពេលបូមសាំងនោះ ក៏ធ្វើឱ្យសាំងកំពប់និងហៀរទៅក្បែរចង្ក្រានហ្គាសដាំបាយ ដែលមានចំងាយប្រហែល៣,៥ម៉ែត្រ ជាហេតុធ្វើឱ្យកើតមានការឆាបឆេះឡើងតែម្តង។

នៅអំឡុងពេលកើតមានអគ្គិភ័យភ្លាមៗនោះ ប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាជួយដងទឹកជះពន្លត់យ៉ាងសស្រាក់សស្រាំ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែល ខណៈដែលរថយន្តពន្លត់អគ្គិភ័យ មិនអាចចេញទៅជួយពន្លត់បានទាន់ពេលវេលាឡើយ ដោយសារផ្លូវតូចចង្អៀត រថយន្តពន្លត់អគ្គិភ័យចូលមិនរួច។

តាមការអះអាងរបស់ម្ចាស់ផ្ទះខាងលើ បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះរបស់គាត់ផ្នែកខាងក្នុងអស់ទាំងស្រុង រួមនឹងអីវ៉ាន់ជាច្រើនទៀត រួមមាន ឆេះជី អស់ចំនួនប្រហែល៣០ការ៉ុង ឆេះស្រាបៀរប្រហែល១០កេស ឆេះគ្រឿងទេសមួយចំនួន ប្រាក់កាសមួយចំនួន (មិនដឹងចំនួន) ឆេះធុងបាស២ អំភ្លី១ រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

ករណីខាងលើនេះ បានបង្កឱ្យបុរសឈ្មោះឡុត ឡា ដែលជាម្ចាស់ផ្ទះ រងរបួសមធ្យម  ដោយសារតែគាត់ព្យាយាមចូលពន្លត់ភ្លើងក្នុងផ្ទះ៕

RELATED ARTICLES