ភ្នំពេញ៖ សណ្ឋាគារផ្កាយ5 ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ជិត១៨០លានដុល្លារ (ទាំងតម្លៃសាងសង់ និងទីតាំង) ដោយក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួនបើកទ្វារស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ ក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ច។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ដែលជាសណ្ឋាគារលំដាប់ពិភពលោកមានប្រភពកំណើតពីសហរដ្ឋអាមេរិក បានរៀបចំពិធីក្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខ និងភាពរីកចម្រើនឲ្យកើតមានដល់ពេលដែលសណ្ឋាគារត្រូវបានបើកដំណើរការជាផ្លូវការ។

សណ្ឋាគារបែបប្រណីតដែលមានដល់ទៅ២៤៧បន្ទប់ ស្នាក់នៅនេះ ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ផ្សាភ្ជាប់ភ្ញៀវទេសចរណ៍ និងធុរជនពីគ្រប់ទិសទីនៃសាកលលោក មកកាន់ប្រទេសកម្ពុជា លើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណីតក្នុងវិស័យទេសចរណ៍ ជាពិសេសបង្កើតឱកាសការងារដ៏សន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជា។

ជីប ម៉ុង យកចិត្តទុកក្នុងការងារអភិរក្សសម្បត្តិបតិកភណ្ឌ តាមរយៈការរក្សាទុកនិងការជួសជុលអគារសម័យបារាំង កម្ពស់ពីរជាន់ នៅកណ្តាលសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីបង្ហាញពីតុល្យភាពនៃសម័យបុរាណ និងសម័យទំនើបរបស់ប្រទេសកម្ពុជា។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ជាគម្រោងសណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងបង្អស់ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតយក្សមួយ ដែលតែងតែផ្តោតទៅលើការចូលរួមបរិច្ចាគទៅកាន់សង្គមវិញ។

មិនទាន់នឹងចាប់ផ្តើមដំណើរការផង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បាននាំមកនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានជុំវិញគម្រោងដើម្បីជាប្រយោជន៍រួមសម្រាប់សហគមន៍ ជាក់ស្តែងការជួសជុល និងស្ថាបនាពង្រីកផ្លូវលេខ១៧៨ និងដាក់លូសងខាងចាប់ពីមហាវិថី ព្រះនរោត្តម ដល់វិថីព្រះស៊ីសុវត្ថិ ដែលចំណាយអស់ទឹកប្រាក់ជាង៦០ម៉ឺនដុល្លារ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់សាធារណជនដែលធ្វើដំណើរកាត់សណ្ឋាគារ។

វត្តមានរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នឹងនាំមកនូវការធ្វើឲ្យកាន់តែប្រសើរឡើងសោភណភាពរាជធានីភ្នំពេញ ក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្មដ៏សម្បូរបែបមួយនេះ។

ហៃយ៉ាត រីជិនស៊ី ជាយីហោមួយរបស់ ហៃយ៉ាត់ ហូថេល ខបភើរិសិន ដែលជាក្រុមហ៊ុនសណ្ឋាគារសហរដ្ឋអាមេរិក មានវត្តមានក្នុងទីផ្សារអន្តរជាតិ រយៈពេលជាង៦ទសវត្ស ហើយដែលមកដល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ហៃយ៉ាត់ មានចំនួនសរុប៩៥០ នៅក្នុង៦៧ប្រទេស ក្នុង៦ទ្វីប លើពិភពលោក៕