Tuesday, August 12, 2025
Homeព័ត៌មានជាតិមុនប្តីចេញទៅ ប្រពន្ធសួរនាំដែរ... ស្រាប់តែបាត់២ថ្ងៃ ទើបផ្អើល

មុនប្តីចេញទៅ ប្រពន្ធសួរនាំដែរ… ស្រាប់តែបាត់២ថ្ងៃ ទើបផ្អើល

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្ពាយឧបករណ៍ឆក់ដើរចេញពីផ្ទះទាំងយប់ បំណងទៅរកឆក់ត្រីដូចសព្វដង រួចក៏បាត់ខ្លួន មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ លុះក្រោយពេលស្ត្រីជាប្រពន្ធដើរតាមរកអស់រយៈពេល២ថ្ងៃ ស្រាប់តែប្រទះឃើញសាកសពប្តីអណ្តែតនៅក្នុងទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាប្រពន្ធយំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ។

សាកសពជនរងគ្រោះ មានឈ្មោះហឿន សោម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ។

តាមការបំភ្លឺរបស់ឈ្មោះម៉េង នី ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្តីរបស់នាងបានស្ពាយឧបករណ៍ឆក់ត្រីដើរចេញពីផ្ទះ បំណងចេញទៅឆក់ត្រីដូចសព្វដង។ ពេលនោះ នាងបានសួរប្តីថា “ទៅឆក់ត្រីនៅឯណា?” ប្តីឆ្លើយប្រាប់វិញថា “ទៅឆក់ត្រី នៅឯអូរខាងជើងភូមិ” និយាយរួចហើយ ប្តីនាងក៏ចេញទៅបាត់រហូតតែម្តង ចំណែកនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយបានចូលដេកលង់លក់ទៅ និងមិនបានដឹងថា ប្តីមិនបានត្រឡប់មកផ្ទះវិញឡើយ។

ស្ត្រីជាប្រពន្ធ បន្តថា រហូតមកដល់ព្រឹកឡើង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលនាងភ្ញាក់ពីដេក មិនឃើញប្តីនៅក្បែរសោះ ទើបនឹកឆ្ងល់ក៏ចេញទៅប្រាប់បងប្អូនឱ្យចេញជួយដើររកគ្រប់ទីកន្លែង តែរកមិនឃើញសោះ។ រហូតមកដល់វេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាងបានដំណឹងពីឈ្មោះហឿន សឺន ដែលត្រូវជាបងថ្លៃ រត់មកប្រាប់ថា បានរកឃើញប្តីរបស់នាងស្លាប់នៅចំណុចអូរហែម ។ ឮបែបនេះ នាងក៏ប្រញាប់ស្ទុះរត់ទៅមើលប្តី លុះទៅដល់ ទើបដឹងថា ប្តីនាងបានស្លាប់អណ្តែតទឹកដោយដៃកាន់ដងឆក់ប្រាកដមែន។

ក្រោយពីឃើញដូច្នេះ ក្រុមគ្រួសារជនរងគ្រោះក៏បានរាយការណ៍ឱ្យសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន និងរាយការណ៍បន្តទៅខាងជំនាញ ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនឯងឆក់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES