ខេត្តព្រៃវែង ៖ ហេតុការណ៍អគ្គិភ័យមួយ បានកើតឡើង ផ្តើមចេញពីការទុស្សេចរន្តអគ្គិសនីនៅក្នុងផ្ទះ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះស្ទើរទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ២៣លានរៀល។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្រោក ឃុំច្រេស ស្រុកមេសាង។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះសង់អំពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ប្រក់ក្បឿង មានទំហំ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ (ឆេះខូចខាតអស់ ៥០ភាគរយ) ជាកម្មសិទ្ធិរបស់ឈ្មោះនី ធឿន ភេទប្រុស អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះលិន ណុន អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិត្រោក ឃុំច្រេស ស្រុកមេសាង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងបានហុយខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុ ដោយហុយចេញពីផ្នែកខាងលើ បន្ទាប់មក ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ធ្វើឱ្យម្ចាស់ផ្ទះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង បាននាំគ្នាដងទឹកជះពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកមេសាង មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងភ្លាមៗដែរ តែពេលទៅដល់កន្លែងកើតហេតុ ត្រូវបានបងប្អូនជិតខាង ជួយពន្លត់ទាន់ពេលវេលារួចទៅហើយ។

តាមការអះអាងពីម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យរងការខូចខាត រួមមាន ផ្ទះផ្នែកខាងលើស្ទើរទាំងស្រុង ទូរទស្សន៍១គ្រឿង, ទូដាក់ចានឆ្នាំង, ទូរស័ព្ទដៃម៉ាក Oppo ១គ្រឿង, ខោអាវមួយចំនួន ព្រមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនទៀតផង ដែលសរុបជាទឹកប្រាក់ប្រមាណ២៣លានរៀល។
យ៉ាងណា ករណីនេះ មិនបង្កឱ្យមានមនុស្សណាម្នាក់ទទួលរងរបួសនោះទេ ហើយក៏មិនបានបង្កឱ្យឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងឡើយ៕