អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា និងស្វាមី លោកហុង ម៉ានុណ ដែលជាម្ចាស់ហាង “NK Molika Trending Co.Ltd” បាននាំយកអំណោយទៅចែកជូនពលរដ្ឋមួយចំនួននៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អំណោយដែលម៉ូលីកា នាំយកទៅជូនគ្រួសារដែលកំពុងតែខ្វះខាតខ្លាំងនោះ មានដូចជាអង្ករ, មី, ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, ប៊ីចេង, ស្កស, ម្សៅស៊ុប, ទឹកសុទ្ធ និងថវិកាសរុបចំនួន៧០០ដុល្លារ។

ម៉ូលីកា បានថ្លែងសារថា “នាងខ្ញុំ និងស្វាមី ព្រមទាំងប្អូនៗ និងក្មួយៗខ្ញុំយកថវិកា និងអំណោយបន្ដិចបន្តួច ព្រមទាំងថវិការ៥០០ដុល្លារ ជូនដល់អ៊ុំប្រុសដែលបានស្លាប់ពាក់កណ្ដាលខ្លួន ហើយជំងឺចេះតែឈឺទៅ ខ្ញុំបានឮដំណឹងនេះក៏មកភ្លាមតែម្ដងដោយសារតែគាត់ធ្ងន់ធ្ងរ ហើយហៅព្រះសង្ឃមកសូត្រធម៌បណ្ដើរៗហើយ។ ខ្ញុំនិងប្ដីក៏ធ្លាប់លំបាកដែរ ខ្ញុំជាកូនកំព្រា ចឹងហើយខ្ញុំចង់ធ្វើបុណ្យឲ្យបានច្រើន ដើម្បីកុំឲ្យកំព្រាដូចជាតិនេះ ធ្វើបុណ្យទាន់ខែភ្លឺ ទោះគាត់មិនមែនជាសាច់ញាតិរបស់ខ្ញុំក៏ដោយ។ អរគុណសប្បុរសជន និងតំណាងចែកចាយចែកា ទាំងអស់ ដែលបានចូលរួមថវិកាជួយដល់ពួកគាត់”។

លោកតុប ទូច មេឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានថ្លែងសារអរគុណដល់ម៉ូលីកា និងស្វាមីជាម្ចាស់ “Molika Online Shop” ដែលបាននាំយកអំណោយមកចែកជូនគ្រួសារក្រីក្រ និងអ្នកជំងឺធ្ងន់នៅទីតាំងខាងលើនេះ។

ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយ ក្រោយចែកអំណោយដល់ពលរដ្ឋក្រីក្រ និងផ្ដល់ថវិកាឲ្យក្មេងៗមួយចំនួននៅទីនោះហើយ ម៉ូលីកា និងស្វាមី កំពុងជិះរថយន្ដយឺតៗ ស្រាប់តែត្រូវក្មេងប្រុសម្នាក់បើកម៉ូតូយ៉ាងលឿន មកបុកពីក្រោយរថយន្ដទំនើបរបស់នាង ម៉ាក Ford 2020 តម្លៃជាង១២ម៉ឺនដុល្លារ ដែលទើបទិញមិនទាន់បាន១សប្ដាហ៏ផង ធ្វើឲ្យស្វាមីនាងបង្ហាញទឹកមុខស្រងូតស្រងាត់ជាខ្លាំង។ ទោះជាត្រូវយកឡានទៅជួសជុលអស់ប្រាក់ច្រើនក្ដី ក៏ម៉ូលីកា មិនទាមទារសំណងពីជនបង្កនោះឡើយ ដោយគ្រាន់តែផ្ដល់ការអប់រំឲ្យយុវជនរូបនោះបើកបរឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីអ្នកបុកឡាននាងនិងគ្រួសារ បានទទួលស្គាល់កំហុស និងសុំទោសនាងមក។

ម៉ូលីកា បញ្ចេញសារថា “ទើបចែកអំណោយចប់ មានក្មេងប្រុសម្នាក់បើកម៉ូតូយ៉ាងលឿន បុកឡានចែកា ពីក្រោយ ខ្ញុំមិនចង់មានរឿង រករឿងកូនហ្នឹងទេ ព្រោះទើបមកធ្វើបុណ្យ ខ្លាចកំពប់បុណ្យ ឃើញសាច់ញាតិមកសំពះសុំទោសថាបងស្រីខ្ញុំគ្មានអ្វីសងថ្លៃខូចខាតបងទេ បងលើកលែងទៅ ពួកខ្ញុំជាកម្មករគេទេ គ្មានលុយសម្ត្ត្ថភាពសងខូចឡានបងទេខ្ញុំសូមទោស។

ខ្ញុំហើយអាណិតគាត់ខ្លាំង ហើយក៏មិនទារសំណងដែរ តែលើកក្រោយឲ្យប្អូនជិះតិចៗបានហើយ កុំឲ្យគ្រោះថ្នាក់អីចឹងទៀត ខ្ញុំលើកលែងឲ្យ។ មួយភូមិហ្នឹង ឃើញថា ក្មេងហ្នឹងអ្នកខុសទាំងស្រុង សំខាន់ប៉ះឡានប្ដីខ្ញុំកំពុងស្រលាញ់ ទើបទីញបាន៦ថ្ងៃ ប្ដីសេធរឿងឡាន”៕