នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ ដោយត្រូវឲ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប អនុវត្តជាបន្ទាប់ផ្អាក ការជួបជុំដែលមានមនុស្សចាប់ពី២០នាក់ឡើងលើ ក្នុងនោះក៏ផ្អាកការរៀបអាពាហ៍ពិពាហ៍ផងដែរ…។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តសៀមរាប ដោយមានតម្រូវការចាំបាច់ មានសំណូមពីក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់មតិពីអង្គការសុខភាពពិភពលោក តម្រូវឲ្យយកយកវិធានការបន្ថែមសម្រាប់ភ្នំពេញ និងសៀមរាប តែម្តង នោះគឺសូមផ្អាករាល់ការជួបជុំដែលមានមនុស្សច្រើន គឺផ្អាកការជួបជុំតែម្តង រាប់ទាំងអាពាហ៍ពិពាហ៍ ក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃនេះទៅ រយៈពេល១៥ថ្ងៃ គឺហាមការជួបជុំតែម្តង ត្រូវមានការប្រជុំ ក៏សុំឲ្យផ្អាកសិន បើមានការរៀបអាពាហ៍ពិពាហ៍ ក៏សុំស្នើការខន្តីអភ័យទោស ដោយសុំផ្អាករៀបអាពាហ៍ពិពាហ៍សិន បានសេចក្តីថា ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ១៦ ហើយសុំមេត្តាអនុវត្តបន្ទាន់ចាប់ពីពេលចេញបទបញ្ជានេះទេ។

សម្តេចហ៊ុន សែនបន្តថា “ចឹងទេគឺសុំឲ្យមានការផ្សព្វផ្សាយឲ្យទូលំទូលាយពីអ្នកសារព័ត៌មាន ខ្ញុំស្នើឲ្យមានការយោគយល់ពីប្រជាពលរដ្ឋរបស់យើង ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកជាបណ្តោះអាសន្នក្នុងរយៈពេល១៥ថ្ងៃ ទាំងអាពាហ៍ពិពាហ៍ ការប្រជុំជាលក្ខណៈដែលអាចថាលើសពីមនុស្ស២០នាក់ទៅ គួរមិនមានការជួបជុំទេ ហើយបើសិនមានការជួបជុំលើស២០នាក់ចុះក្រោម ត្រូវតែមានម្លាតឲ្យឆ្ងាយ អាហ្នឹងប្រសិនបើចៀសមិនបាន ប៉ុន្តែខ្ញុំគិតថា ខ្លួនយើងអាចធ្វើបាន ”។
សម្តេចបានបន្តទៀតថា “យើងមិនហាមឃាត់ការចេញធ្វើដំណើរទៅខាងក្រៅ ក្នុងការធ្វើដំណើរតាមផ្លូវទេ ក៏ប៉ុន្តែក៏សុំកុំឲ្យមានកកស្ទះនៅតាមទីកន្លែងភ្លើងសញ្ញានានា កាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ឬទី១៦ បើសិនជាមិនធ្វើដូច្នេះទេ យើងនឹងយឺតពេល”។

សម្តេច បានបញ្ជាក់ថា “ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសកម្មភាពបន្ទាន់ថ្ងៃនេះ ទាក់ទងនឹងការបិទសាលារៀន បវេស្សនកាល ហើយក្នុងរយៈពេលរៀនបន្តក៏ត្រូវផ្អាកសិនសម្រាប់សិស្សថ្នាក់ទី១២ ត្រៀមប្រលង សុំក្រសួងអប់រំ យុវជន និងកីឡា ណែនាំទៅមន្ទីរអប់រំ និងខាងផ្នែកអប់រំ ដែលទាក់ទងជាមួយនឹងក្រោមការអប់រំរបស់ក្រសួង ក៏ដូចជានៅខេត្តសៀមរាប ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចគ្នាដែរ សូមផ្អាកក្នុងរយៈពេល១៥ថ្ងៃ ដូច្នេះសូមអនុវត្តជាបន្ទាន់”៕