តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានបងប្រុសបង្កើតរបស់ខ្លួន លោកខេមរៈ ភារុណ បានចេញមកអះអាងយ៉ាងខ្លីថា បទ ”ពឺតៗ” ដែលជាការនិពន្ធទំនុកច្រៀងដោយរូបលោកផ្ទាល់នោះ កំពុងផ្ទុះខ្លាំងណាស់។ ប៉ុន្ដែលោកភារុណ មិនធ្វើអត្ថាធិប្បាយច្រើនទៅលើបទនេះទេ ដោយថា ទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។

បងប្រុសតារាចម្រៀងល្បីរូបនេះ ថែមទាំងរត់ចេញតែម្ដង នៅពេលដែលត្រូវសួរលម្អិតពីរឿងខេមរៈ សិរីមន្ដ នៅហង្សមាស ក្រោយព្រាប សុវត្ថិ ដើរចេញនេះ។

ខេមរៈ សិរីមន្ដ បានធ្វើឲ្យតារារួមក្រុមពិបាកទប់ទល់ ក្រោយអតីតតារាចម្រៀង U2 និងសាន់ដេ រូបនេះ ល្បីល្បាញបទ ”ពឺតៗ” នោះមក អ្នកចម្រៀងរួមដំបូល ព្រមទាំងម្ចាស់ពានទាំងឡាយ កាន់តែស្ងប់ស្ងាត់ថែមទៀត និងមិនអាចទប់ទល់ជាមួយលោកសិរីមន្ត បានឡើយ។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា ខេមរៈ សិរីមន្ដ ពេលនេះមិនទាន់អាចវ៉ាអតីតតារាហង្សមាស កំពូលតារាចម្រៀងព្រាប សុវត្ថិ បានឡើយ ប៉ុន្ដែលោកសិរីមន្ត មានភាគរយខ្ពស់ក្នុងការឡើងទៅអង្គុយកៅអីព្រាប សុវត្ថិ ដែលទំនេរនៅហង្សមាស។
ដោយឡែក មជ្ឈដ្ឋានមហាជនបាននិយាយថា ”រលកក្រោយ ច្រានរលកមុន” ហេតុនេះហើយ បើសិរីមន្ដ មានបទផ្ទុះថែមទៀតនោះ លោកព្រាប សុវត្ថិ ច្បាស់ជាប្រឈមហានិភ័យជាមិនខានឡើយ។

លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ក្រៅពីត្រូវហង្សមាស លើកឲ្យធ្វើជាតួឯក ដើម្បីទប់ទល់ជាមួយលោកព្រាប សុវត្ថិ នៅ Galaxy នោះ តារាកូន៣រូបនេះ ក៏មានខ្នងធំ មិនងាយតារាណាផ្ដួលដែរនោះ គឺលោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើត ជាអ្នកនិពន្ធទំនុកច្រៀងឲ្យដែលលោកភារុណ នេះហើយជាទីប្រឹក្សា ឬជំនួយការរបស់សិរីមន្ដ និងជាអ្នកនៅពីក្រោយភាពល្បីល្បាញរបស់លោកសិរីមន្ត នាពេលកន្លងមក។

អំឡុងពេលដែលសិរីមន្ដ កាន់តែល្បីថែមទៀតនេះ ដំណឹងរៀបការលោកជាមួយភរិយា អ្នកនាងកុយ ផល្លី កាន់តែគ្មានស្រមោល បន្ទាប់ពីលោកសិរីមន្ត ធ្លាប់អះអាងថា បានរៀបការម្ដងរួចទៅហើយ កាលពីឆ្នាំ២០០៩ តែគ្មានភស្ដុតាងបង្ហាញទស្សនិកជននោះ៕