ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងឱ្យរុះរើសំណង់មិនរៀបរយជាប់របងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាដីចំណីផ្លូវសាធារណៈ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលកំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ-១៩ ជាដើម។

ទន្ទឹមនេះ រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាគម្រោងស្ថាបនាអគារមន្ទីរពេទ្យធំ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងស្របតាមការរីកចម្រើនរបស់ខេត្តព្រះសីហនុ ផងដែរ។ ការអភិវឌ្ឍមន្ទីរពេទ្យ ចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធំទូលាយ បរិយាកាសស្ងប់ស្ងាត់ គ្មានការរំខាន អនាម័យបរិស្ថាន បរិយាកាសល្អ ខ្យល់បរិសុទ្ធ មានសម្ភារ:បរិក្ខារទំនើប ទាន់សម័យ និងក្រុមគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ៘

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ដូច្នេះសូមបងប្អូនមួយចំនួនដែលបានសាងសង់សំណង់មិនរៀបរយនៅជាប់នឹងរបងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាដីចំណីផ្លូវសាធារណៈ និងជាដីត្រៀមបម្រុងសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត នេះ ចូលរួមសហការធ្វើការរុះរើ និងប្រគល់ទីតាំងខាងលើ ជូនរដ្ឋបាលខេត្ត ធ្វើអភិវឌ្ឍន៍ដើម្បីទុកជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ យើងទាំងមូល៕

