អតីតតារាសម្ដែងសិចស៊ី កញ្ញាវ៉ាង ស្រីណូ ដែលបាត់ខ្លួនពីអាជីពសម្ដែងជាង១០ឆ្នាំទៅហើយនោះ បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការប្អូនស្រីតារាសម្ដែងនី មុនីនាថ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយគេចាប់អារម្មណ៍ឃើញថា ស្រីណូ នៅតែមានរូបសម្រស់ទាក់ទាញ ព្រមទាំងពាក់គ្រឿងពេជ្រនៅលើដងខ្លួន តម្លៃរាប់ម៉ឺនដុល្លារទៀតផង។
ផ្ដល់ទសម្ភាសន៍ដល់ ”នគរធំ” វ៉ាង ស្រីណូ បានឲ្យដឹងថា នាងបានចេញទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាច្រើនឆ្នាំមកហើយ ដោយទទួលបានសិទ្ធិរស់នៅស្របច្បាប់ បន្ទាប់ពីអតីតគូដណ្ដឹងនាងដែលជាថៅកែភោជនីយដ្ឋានមួយនៅទីនោះ បានបញ្ចូលឈ្មោះនាងទៅជាម្ចាស់ភាគហ៊ុនហាងនោះ។

ស្រីណូ ថា “Green Card” ដែលនាងទទួលបាននោះ គឺរយៈពេល២ឆ្នាំ តែបានបន្ដរទៅជា១០ឆ្នាំទៀត ហេតុនេះហើយបានជានាងមានសិទ្ធិចេញចូលពីខ្មែរ ទៅអាមេរិក បានដោយគ្មានបញ្ហា។ ប៉ុន្ដែពេលនេះដោយសារតែកូវីដ-១៩ នាងបានមកស្រុកខ្មែរ សិន ហើយពេលដែលស្ងាត់ជំងឺនេះហើយ នាងនឹងវិលត្រឡប់ចេញទៅអាមេរិកវិញ។
ដោយឡែក ទាក់ទងរឿងស្នេហាជាមួយថៅកែហាង ដែលជាអាណិកជនខ្មែរ កាត់ចិន នោះ ស្រីណូ ថាពេលនេះនាងបានចែកផ្លូវគ្នាទៅហើយ ដោយមិនបានរៀបការនោះទេ។ នាងអះអាងថា បញ្ហាគឺមកពីការស់នៅជាមួយគ្នាយូរទៅៗ មិនសូវចុះសម្រុងគ្នា ចេះតែមានរឿង ហើយអស់និស្ស័យ ទើបនាងសម្រេចចិត្តមិនបន្ដស្នេហាមួយនេះទៀតទេ។

ស្រីណូ ថា ក្រោយបែកបាក់ពីគូដណ្ដឹង ពេលនេះនាងបានរស់នៅជាមួយបងប្អូននៅអាមេរិក ហើយចុះឡើងមកស្រុកខ្មែរ ជាញឹកញាប់ ព្រោះនាងបានរកស៊ីទិញលក់ផ្ទះជាង១០ឆ្នាំមកហើយ។
តារាដែលបាត់មុខពីការថតសម្ដែងជាង១០ឆ្នាំនេះ ថា នាងរកស៊ីទិញលក់ផ្ទះវីឡាទោល, វីឡាកូនកាត់ និងផ្ទះល្វែងនោះ ចេះតែកាក់កប ទើបមានជីវភាពធូរធាដូចពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណា វ៉ាង ស្រីណូ ថា នៅតែស្រលាញ់អាជីពសិល្បៈដដែល ប៉ុន្ដែនាងគ្មានបំណងវិលវិញទេ ព្រោះតែពេលនេះគ្មានពេលគ្រប់គ្រាន់ក្នុងការសម្ដែងភាពយន្ដ និង MV តែបើថតស្ពត ឬ Fashion អី នាងអាចធ្វើបាន។
វ៉ាង ស្រីណូ អះអាងដែរថា ក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងជាច្រើនឆ្នាំមកនេះ បច្ចុប្បន្ននាងមិនទាន់មានសង្សារថ្មីនោះទេ។ នាងបញ្ជាក់ថា នឹងចេញទៅរស់នៅអាមេរិកវិញ នៅពេលដែលស្ងាត់កូវីដ-១៩ ខាងមុខនេះ។ ដោយឡែកសម្រាប់មុខរបរនាងនៅស្រុកខ្មែរ ទិញលក់ផ្ទះវីឡានោះ គឺនៅតែបន្ដដដែល តែនាងថា មិនហ៊ានរកស៊ីធំឈានទៅបើកក្រុមហ៊ុននោះទេ ព្រោះខ្លាចប្រឈមហានិភ័យ។

ចំណែកការជ្រើសគូស្នេហ៍ថ្មីនោះ ស្រីណូ ថា នាងមិនទាន់ប្រាកដក្នុងចិត្តទេថា តើនឹងយកសង្សារថ្មីនៅពេលណា ជាបុរសក្នុងឬក្រៅស្រុកនោះទេ? តែនាងថា ពេលនេះបេះដូងរបស់នាង គឺពិតជានៅទំនេរ។
វ៉ាង ស្រីណូ ធ្លាប់គ្រងតំណែងតារាសិចស៊ីផុតលេខ កាលពីមុនឆ្នាំ២០០៧ ហើយការដើរចេញពីអាជីពសិល្បៈ ពេលនេះ ស្រីណូ កាន់តែទ្រព្យច្រើនមិនចាញ់ជំទាវឡើយ។
អតីតតារាសម្ដែងរូបនេះក៏ជាអ្នកចូលចិត្តប្រើប្រាស់សម្ភារៈម៉ាកល្បីៗផងដែរ ប៉ុន្ដែការលេងរថយន្ដវិញ ស្រីណូ ជិះតែរថយន្ដម៉ាក Mercedes ប៉ុណ្ណោះ ដោយនាងមានឡានម៉ាកនេះ ដល់ទៅ៣គ្រឿង ជិះឆ្លាស់គ្នាតែម្ដង។

មហាជនមួយចំនួនហាក់មិនសូវជឿថា ពេលនេះ ស្រីណូ ទុកបេះដូងឲ្យនៅទំនេរឡើយព្រោះកន្លងមកធ្លាប់លេចឮថា នាងមានមន្រ្ដីធំៗ និងអ្នកជំនួញល្បីៗ ទាំងក្នុងនិងក្រៅស្រុក តាមស្នេហានាង ហេតុនេះហើយបានជាគេសង្ស័យថា ស្រីណូ អាចលាក់បាំងគូស្នេហ៍ថ្មីច្រើនជាង៕ ហ៊ឹម វិចិត្រ