Wednesday, August 6, 2025
Homeតារាខ្មែរអ្នកនាងខាត់ សុឃីម មិនបារម្ភកញ្ញាតន់ ច័ន្ទសីម៉ា ប្រើស្ទីលល្បីជាង

អ្នកនាងខាត់ សុឃីម មិនបារម្ភកញ្ញាតន់ ច័ន្ទសីម៉ា ប្រើស្ទីលល្បីជាង

តារាពហុជំនាញ ខាត់ សុឃីម ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា អ្នកនាងនឹងប្រឈមការចុះខ្សោយ ឬបាត់តំណែងនៅពេលខាងមុខជាមិនខាន ព្រោះតែតារាចម្រៀងវ័យក្មេងកំពុងតែឡើងកូដរបស់ Galaxy កញ្ញាតន់ ច័ន្ទសីម៉ា ដែលមានទឹកដមសំឡេងស្អកៗដូចអ្នកនាងនោះ កំពុងអុកឡុកទីផ្សារចម្រៀងខ្លាំង នារយៈពេលចុងក្រោយនេះ។

អ្នកនាងខាត់ សុឃីម និងស្វាមី

អ្នកជំនាញសិល្បៈបានលើកឡើងថា អ្នកនាងខាត់ សុឃីម ដែលល្បីល្បាញច្រៀងបទកន្រ្ទឹមនោះ នឹងប្រឈមបញ្ហា ប្រសិនបើកញ្ញាសីម៉ា ចេញបទកន្រ្ទឹមដែរ ព្រោះថា ម្ចាស់បទ ”ឡានសារ៉ែន” រូបនោះ មិនត្រឹមតែមានសំនៀងស្អកៗដូចសុឃីម នោះទេ តែនាងអាចច្រៀងបទប្រភេទសុឃីម បាន ដោយគ្មានឧបសគ្គឡើយ។

ទោះជាយ៉ាងណា ក្នុងជំនួបកាលពីពេលថ្មីៗនេះ អ្នកនាងខាត់ សឃីម បាននិយាយថា ដោយសារតែអ្នកនាង និងតន់ ច័ន្ទសីម៉ា ចេញមកពីផ្នែកបុរាណដូចគ្នា ទើបអាចច្រៀងបទប្រភេទបានដូចគ្នាបែបនេះ។ ប៉ុន្ដែអ្នកនាងថា មិនមានការបាម្ភថា ខ្លាចសាប ឬត្រូវបាត់បង់តំណែងនោះទេ ព្រោះថាពេលនេះនាងមានអាយុច្រើនដែរហើយ អីចឹងឃើញប្អូនៗចេញមកចេះច្រៀងរកលុយ គឺតាមសមត្ថភាពរៀងៗខ្លួនរបស់គេ អ្នកនាងមានតែរីករាយ។

ប៉ុន្តែអ្នកនាងសុឃីម បញ្ជាក់ថា មិនដែលបានស្ដាប់បទចម្រៀងរបស់តន់ ច័ន្ទសីម៉ា ១បទឡើយ ព្រោះមិនដែលបានមើលក្នុងយូធូប ប្រទះ។ អ្នកនាងបន្ថែមថា ”ឲ្យតែប្អូនចេះច្រៀងចេះរកលុយបានចុះ ខ្ញុំមិនចេះចង្អៀតចង្អល់ថា អ្នកណាច្រៀងស្ទីលខ្ញុំ ឬសំឡេងដូចខ្ញុំ នាំឲ្យសាបខ្ញុំទេ គឺបេះដូងខ្ញុំបើកទូលាយតែម្ដង”។

អ្នកនាងខាត់ សុឃីម ជាតារាចម្រៀងខ្លាំងម្នាក់ ពិសេសគឺការច្រៀងបទកន្ទ្រឹមតែម្ដង អ្នកនាងជោគជ័យខ្លាំង នៅពេលដែលចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ និងលោករិន សាវ៉េត ជាដើម។ ថ្មីៗនេះដែរ គេឃើញអ្នកនាងសុឃីម លេចមុខក្នុងភាពយន្ដថ្មីរបស់ហង្សមាស រឿង ”ម៉ែក្មេក ចេញពីក្នុងព្រះចន្ទ” តែសុឃីម ថារឿងនោះនាងថតយូរហើយ ពេលនេះនាងមិនជាប់កុងត្រាជាមួយហង្សមាស ទៀតឡើយ ពោលគឺអាចច្រៀងសម្ដែងឲ្យផលិតកម្មណាក៏បានដែរ។

អ្នកនាងបានឲ្យដឹងដែរថា ក្រោយលក់ហាងសម្អាងការមក ពេលនេះនាងបានងាកមករកស៊ីផ្នែកគ្រឿងសម្អាង ដែលគ្រោងសម្ពោធហាងថ្មី នៅដើមខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះហើយ បន្ទាប់ពីទទួលបានសិទ្ធិធ្វើអាជីវកម្ម (License) ពីក្រសួងពាក់ព័ន្ធមក។

អ្នកនាងខាត់ សុឃីម ហាក់មានរាសីដាក់បន្ដិចនៅរយៈពេលចុងក្រោយនេះ ព្រោះចាញ់បោកក្រុមហ៊ុនអ៊ីណារីតា រាប់សែនដុល្លារ ដោយសារតែថៅកែលោកឌីម សួនណាត ត្រូវសមត្ថកិច្ចចម្រុះចាប់ខ្លួនពីបទឆបោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។

សុឃីម បានប្រកាសលក់ភ្នួង និងផ្ទះ ដ៏គួរឲ្យភ្ញាក់ផ្អើល ធ្វើឲ្យមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនមួយចំនួន សង្ស័យថា អ្នកនាងក្ស័យធន ឬធ្លាក់ខ្លួនជំពាក់បំណុលគេទៀតផង។ តែសុឃីម នៅតែឈរជើងក្នុងសិល្បៈបានរឹងមាំ ហើយនៅឆ្នាំ២០២១ ខាងមុខនេះ អ្នកនាងនឹងដំណើរការអាជីវកម្មថ្មីមួយទៀត ដែលបោះទុនជាច្រើនម៉ឺនដុល្លា។

ដោយឡែក ចំណងស្នេហាជាង៨ឆ្នាំ ជាមួយស្វាមីក្មេង លោកអ៊ិន សុបញ្ញា ហៅផាណូ នោះ អ្នកទាំង២ ទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះអ៊ិន សុបញ្ហា ហៅហ្វូតូស្អាត អាយុជាង៦ឆ្នាំ ខណៈដែលសុឃីម មានកូនបុ្រសម្នាក់ ឈ្មោះស្កាយ ដែលគេសង្ស័យថាជាកូនលោកចា រិទ្ធី នោះ អាយុជាង១៤ឆ្នាំហើយ។

កញ្ញាតន់ ច័ន្ទសីម៉ា

សុឃីម ធ្លាប់ប្រាប់ថា គម្រោងយកកូនប្រុសម្នាក់ថែមទៀត ពេលនេះនាងបានលុបចោលទៅហើយ ព្រោះខ្លាចគ្មានពេលគ្រប់គ្រាន់ក្នុងការមើលថែ និងអប់រំកូនឲ្យបានល្អ ម្យ៉ាងនាងយល់ថា កូន២នាក់ ពេលនេះគ្រប់គ្រាន់ហើយសម្រាប់គ្រួសារអ្នកនាង៕

                                                                                                ហ៊ឹម វិចិត្រ

RELATED ARTICLES