ភ្នំពេញ ៖ បុរសចំនួន ៣នាក់ ទើបនឹងលក់រថយន្តកូរ៉េ ចំណុះ ៣តោន បានលុយជាង ១ម៉ឺនដុល្លារ ក៏បែកគំនិតចូលទៅកោសជប់ ម៉ាស្សា ឱ្យស្រួលខ្លួនម្តង ដឹងអីស្រាប់តែប៉ះក្រុមនារីម៉ាស្សាជើងល្អបន្លំស៊ីដាច់លុយអស់ចំនួន៥ពាន់ដុល្លារ ដោយដូរលុយដុល្លារក្លែងក្លាយ (លុយសែន) ចំនួន៦០០ដុល្លារ នៅក្នុងកាបូបឱ្យវិញ លុះពេលត្រឡប់មកសួរនាំវិញ ស្រាប់តែហាងម៉ាស្សារើស្លាកយីហោបាត់ និងថែមទាំងបិទភ្លើងសម្ងំស្ងាត់ឈឹង។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចហាងកោសជប់ម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
បុរសជនរងគ្រោះជាម្ចាស់លុយ មានឈ្មោះរុន អេម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់មានគ្នា ៣នាក់ បានបើករថយន្តកូរ៉េ១គ្រឿង មកពីខេត្តស្វាយរៀង យកមកលក់នៅភ្នំពេញ ម្តុំផ្លូវ២០០៤ ដោយលក់បានលុយចំនួន១០៥០០ដុល្លារ។ បន្ទាប់ពីលក់បានលុយហើយ ក៏បាននាំគ្នាចូលទៅរកម៉ាស្សា កោសជប់ ឱ្យស្រួលខ្លួនបន្តិច នៅក្នុងហាងខាងលើ។ លុះពេលចូលទៅដល់ នារីម៉ាស្សាបាននាំគាត់ចូលបន្ទប់ និងប្រាប់ឱ្យដោះខោអាវ ព្រមទាំងដាក់កាបូបស្ពាយព្យួរ រួចហើយក៏ឡើងទៅលើគ្រែដេកឱ្យនាងៗជួយម៉ាស្សាសម្រួលសរសៃ។

បុរសរងគ្រោះ បន្តថា លុះពេលកំពុងម៉ាស្សាបានតែបន្តិច មិនទាន់ក្តៅសរសៃផង ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកឈប់មុខហាងម៉ាស្សាខាងលើ រួចស្រែកឆោឡោថា “ប៉ូលិសមកហើយៗ” រួចក៏បានជិះម៉ូតូចេញទៅបាត់។ ចំណែកពួកគាត់ទាំង៣នាក់ ឮសំឡេងស្រែកឆោឡោបែបនេះ ក៏កើតមានការភ្ញាក់ផ្អើលនិងភ័យខ្លាចប៉ូលិសចាប់ ក៏ប្រញាប់ប្រញាល់នាំគ្នាស្លៀកពាក់ រួចចេញពីហាងម៉ាស្សាភ្លាមៗ និងបានហៅម៉ូតូកង់បី ១គ្រឿង ជិះមកផ្លូវវេងស្រេង រកផ្ទះសំណាក់ដេក នៅម្តុំបឹងក្រពើ។

បុរសរងគ្រោះ បានឱ្យដឹងបន្តទៀតថា នៅពេលមកដល់ផ្ទះសំណាក់ គាត់ក៏បានដោះការបូកស្ពាយចេញ ទើបចាប់អារម្មណ៍ឃើញថា កាបូបស្ពាយរបស់គាត់ហាក់ស្រាលប្លែក។ ដោយមានការសង្ស័យ ទើបគាត់បានឆែកមើល ស្រាប់តែបាត់លុយអស់៥០០០ដុល្លារ ប៉ុន្តែឃើញមានលុយក្លែងក្លាយ (លុយខ្មោច) ចំនួន៦០០ដុល្លារទៅវិញ។ ចំណែកលុយចំនួន៥៥០០ដុល្លារផ្សេងទៀត ដែលគាត់រំលែកចេញ និងដាក់នៅថតកាបូបផ្សេងទៀត មិនបានបាត់បង់នោះទេ ពោលគឺនៅសល់ទាំងអស់ ដែលទំនងជាជនសង្ស័យស្មានថា ក្នុងកាបូបមានលុយតែ៥ពាន់ដុល្លារ ទើបមិនឆែករកនៅថតផ្សេងទៀត បានជាមិនបាត់បែបនេះ។

បុរសរងគ្រោះ បានបញ្ជាក់ថា ក្រោយពីដឹងថាបាត់លុយបែបនេះ ពួកគាត់ទាំង៣នាក់ ក៏នាំគ្នាជិះម៉ូតូកង់បី ប្រញាប់វិលមកមកកន្លែងម៉ាស្សាខាងលើវិញ ដើម្បីសួររកខុសត្រូវ។ ស្រាប់តែពេលមកដល់ ឃើញហាងម៉ាស្សាខាងលើត្រូវគេបិទភ្លើងងងឹតឈឹង ស្ងាត់ដូចចោរលួចសេះ និងថែមទាំងដោះស្លាកយីហោចេញអស់ទៀតផង។ រហូតដល់មួយសន្ទុះក្រោយមកក៏ឃើញក្រុមអ្នកសារព័ត៌ជាច្រើនអង្គភាព មកសួរនាំ និងធ្វើការឡាយ ដើម្បីឱ្យសមត្ថកិច្ចចុះមកអន្តរាគមន៍ ប៉ុន្តែគ្មានសមត្ថកិច្ចណាម្នាក់មកអើតសួរនាំបន្តិចសោះ។

ក្រោយហេតុការណ៍ខាងលើ ជនរងគ្រោះបានត្រឹមជិះម៉ូតូកង់បី ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកាកាប១ ទាំងក្តីអសង្ឃឹម និងអារម្មណ៍ភ័យខ្លាចទៅដល់ផ្ទះ មិនដឹងជាត្រូវដោះស្រាយជាមួយប្រពន្ធយ៉ាងណា ណាមួយខ្លាចប្រពន្ធខឹងវ៉ៃបោចសក់ បើដឹងរឿងលក់ឡានបានលុយ ចូលរកកន្លែងស្រួលបែបនេះ៕