អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា និមន្ដចេញក្រៅ ជាបណ្ដោះអាសន្ន ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២៨វិច្ឆិកា”។ នេះបើតាមការដឹងពីព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប។

ការមិនអនុញ្ញាតនេះ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨វិច្ឆិកា” បានទៅរកលោកយាយចុងភៅម្នាក់ក្នុងវត្ត ស្រោចទឹក និងចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ។

ដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ-១៩ និងដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលធ្ងន់ធ្ងរឆ្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តសៀមរាប មន្ទីរធម្មការនិងសាសនាខេត្ត សុំផ្អាកព្រះសង្ឃក្នុងវត្តទាំងអស់ ចំនួន២៦អង្គ មិនឱ្យនិមន្តចេញក្រៅ រយៈពេល១៤ថ្ងៃ រង់ចាំមានការណែនាំណែនាំជាថ្មីរបស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត ផងដែរ ។

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កំដៅ មានសាប៊ូ ជេល ឬអាល់កុលសម្រាប់លាងសំអាតដៃ ត្រូវពាក់ម៉ាស ក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១,៥០ម ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” ក្នុងខេត្តសៀមរាប ចំនួន៤៩០នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ-១៩ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់ ៕