ភ្នំពេញ ៖ កម្មវិធីប្រកួតបវរកញ្ញាចក្រក្រវាលកម្ពុជា ឆ្នាំ២០២០ (Miss Universe Cambodia 2020) បានបញ្ចប់ កាលពីសប្ដាហ៍មុន ដោយរកឃើញជ័យលាភីលេខ១ គឺបេក្ខនារី រ៉េត សារីតា ។ ប៉ុន្តែជាមួយគ្នានោះ ប្រិយមិត្តជាច្រើន ក៏បានចាប់អារម្មណ៍ខ្លាំងទៅលើជ័យលាភីលេខ២ គឺបេក្ខនារី ឈុន រក្សា ដែលមានរូបសម្រស់ស្អាតលេចធ្លោ រហូតអ្នកខ្លះថា បេក្ខនារីរូបនេះ សមតែបានគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ នេះទៀតផង។
កញ្ញាឈុន រក្សា អរគុណដល់មហាជនដែលបានគាំទ្រនាង ហើយនាងបានបញ្ជាក់ថា ទោះបីនាងមិនបានជាប់ជាជ័យលាភីលេខ១ ក៏នាងរំភើបរីករាយដែរ ព្រោះការប្រឡងនេះមិនមែនផ្ដោតសំខាន់តែលើសម្រស់មួយមុខទេ គឺត្រូវទាមទារសមត្ថភាព ចំណេះដឹងផ្សេងៗទៀតផងដែរ ហើយឆ្លើយតបការគាំទ្រ លើកទឹកចិត្តពីមហាជននេះ កញ្ញារូបស្រស់សោភានេះ បានអះអាងថា បន្ទាប់ពីបានចំណាត់ថ្នាក់លេខ២ នៅឆ្នាំ២០២០ នេះ នាងនឹងចូលរួមប្រកួតប្រជែងនៅឆ្នាំ២០២១ ខាងមុខម្តងទៀត ហើយសង្ឃឹមថា នឹងទទួលជោគជ័យ ឈានទៅគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២១ ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង «នគរធំ” ជាមួយកញ្ញាឈុន រក្សា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ៖
នគរធំ ៖ សួស្តីកញ្ញា ឈុន រក្សា! ជាដំបូង តើកញ្ញាអាចបង្ហាញពីប្រវត្តិរូបសង្ខេបរបស់កញ្ញាបានទេ?
កញ្ញាឈុន រក្សា ៖ ចា! ខ្ញុំឈ្មោះរក្សា ខ្ញុំមានអាយុ២១ឆ្នាំ ហើយកម្ពស់ខ្ញុំ ១,៧០ម៉ែត្រ ខ្ញុំជានិស្សិតឆ្នាំទី៤ នៅសាលាពេទ្យយោធា ហៅពេទ្យទាហាន ផ្នែកវេជ្ជបណ្ឌិតទូទៅ ហើយកើតនៅខេត្តត្បូងឃ្មុំ ។ សព្វថ្ងៃនេះ ខ្ញុំរស់នៅភ្នំពេញ ជាមួយឪពុកម្ដាយ ។ ខ្ញុំជាកូនទី៤ (កូនស្រីពៅ) ក្នុងចំណោមបងប្អូន៤នាក់ ។

នគរធំ ៖ តើអ្វីទៅដែលជំរុញឲ្យកញ្ញា ចូលរួមប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០?
កញ្ញាឈុន រក្សា ៖ ដោយសារតែទី១ ខ្ញុំស្រឡាញ់ ទី២ នាងខ្ញុំចង់បង្ហាញពីភាពរឹងមាំ ហើយឥទ្ធិពលរបស់ស្រ្ដី ដើម្បីឲ្យស្រ្តីទាំងអស់ហ៊ាន ក្លាហាន ងើបឈរឡើង រៀនរស់បានតាមក្ដីស្រមៃ និងគោលដៅខ្លួនឯងដែលឯងចង់ធ្វើ កុំរស់នៅក្រោមគំនាបគ្រួសារ និងសង្គម ។ កត្តាដែលសំខាន់បំផុត គឺខ្លួនឯង ហើយគ្រួសារ ហើយអ្នកគាំទ្ររបស់នាងខ្ញុំ ជាពិសេសឪពុកម្ដាយ ពួកគាត់សម្រេចតាមក្ដីស្រមៃរបស់យើង ពួកគាត់គោរពតាមអ្វីដែលយើងចង់បាន ចង់ធ្វើ ឲ្យតែយើងថា ផ្លូវហ្នឹងវាត្រូវ វាល្អសម្រាប់យើង ។

នគរធំ ៖ ប៉ុន្តែកញ្ញាមានការខកចិត្ត ឬសោកស្តាយទេ ចំពោះការទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ មិនអាចដណ្តើមមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០ នេះ?
កញ្ញាឈុន រក្សា ៖ សម្រាប់ខ្ញុំៗអត់សោកស្ដាយទេ ដោយសារតែសមត្ថភាពយើងធ្វើទៅបានប៉ុណ្ណឹង យើងបញ្ចេញអស់សមត្ថភាពហើយ ហើយបានប៉ុណ្ណឹង វាគឺជាជោគជ័យមួយសម្រាប់ខ្ញុំហើយ ។

នគរធំ ៖ មានការលើកឡើងពីមហាជនមួយចំនួនថា កញ្ញាមានរូបសម្រស់ស្អាតជាងគេ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ នោះ គួរតែជាបេក្ខនារីជ័យលាភី ឬសមនឹងទទួលបានមកុដបរវរកញ្ញាចក្រវាល តើកញ្ញាយល់យ៉ាងណាដែរ?
កញ្ញាឈុន រក្សា ៖ សម្រាប់ខ្ញុំៗគិតថា វាជាលើកទី១ ដែលខ្ញុំចូលប្រកួតក្នុងវិស័យបវរកញ្ញាហ្នឹង ដូច្នេះនាងខ្ញុំនៅមានចំណុចខ្វះខាតមួយចំនួនទៀត ដែលនាងខ្ញុំត្រូវហ្វឹកហាត់ ឬក៏អភិវឌ្ឍខ្លួនឯងទៀត ។ និយាយទៅ ពួកគាត់ (មហាជន) និយាយហ្នឹង គឺត្រឹមត្រូវហើយ ប៉ុន្តែដោយសារតែការប្រឡងបវរកញ្ញា គឺគេមិនគិតត្រឹមតែភាពស្រស់ស្អាតតែមួយមុខបានទេ គេត្រូវការចំណេះដឹងអីជ្រៅជ្រៅ ឬក៏ខ្ពង់ខ្ពស់អី ។ អ៊ីចឹងមានន័យថា សម្រាប់ខ្ញុំ ប៉ុណ្ណឹង គឺខ្ញុំអាចធ្វើបានហើយ អ៊ីចឹងអ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំត្រូវអភិវឌ្ឍខ្លួនឯងផ្នែកចំណេះដឹង ឬក៏អីទៀត ។ ដោយសារតែខ្ញុំគិតថា ខ្ញុំក៏នៅក្មេងដែរ អ៊ីចឹងខ្ញុំនៅមានពេលច្រើនសម្រាប់អភិវឌ្ឍខ្លួនឯងទៅមុខទៀត ។

នគរធំ ៖ មុនពេលចូលប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ នេះ តើកញ្ញា ធ្លាប់ចូលប្រកួតកម្មវិធីប្រឡងផ្នែកសម្រស់អ្វី ពីមុនមកទេ?
កញ្ញាឈុន រក្សា ៖ ធ្លាប់ចូលរួមប្រឡងកម្មវិធី Freshie នៅឆ្នាំ២០១៦ ហើយបានទទួលចំណាត់លេខ៣ ទូទាំងប្រទេស ។
នគរធំ ៖ តើកញ្ញា នឹងចូលប្រកួតកម្មវិធីអ្វីទៀត ដូចជា កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុចា ឆ្នាំ២០២១ ឬកម្មវិធីអ្វីផ្សេងទៀតឬទេ?
កញ្ញាឈុន រក្សា ៖ សម្រាប់ខ្ញុំៗត្រូវអភិវឌ្ឍខ្លួនឯងទៀត ទាំងចំណេះដឹង និងអ្វីដែលកម្មវិធីប្រកួត គេត្រូវការ អ៊ីចឹងខ្ញុំត្រូវអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងជាងហ្នឹងបន្តិចទៀត ហើយខ្ញុំនឹងត្រឡប់មកវិញមួយសាទៀត ដើម្បីយកជ័យលាភីឲ្យបាន គឺនឹងចូលរួមប្រកួតបវរកញ្ញាចក្រវាលហ្នឹងម្ដងទៀត ដោយសារតែមានការផ្ដល់កម្លាំងចិត្តពី Fan ធំមែនទែន គាត់ចង់ឲ្យខ្ញុំមកប្រកួតមួយសាទៀត ដោយគាត់ចង់ឲ្យខ្ញុំយកកម្ពុជា ទៅឲ្យឆាកអន្តរជាតិ ។

នគរធំ ៖ បានន័យថា បើសិនជាបានចូលរួមប្រកួតម្ដងទៀត តើកញ្ញា សង្ឃឹមថា នឹងអាចគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា មែនទេ?
កញ្ញាឈុន រក្សា ៖ ជាដំបូង គឺខ្ញុំត្រូវតែអភិវឌ្ឍខ្លួនឯងឲ្យល្អបំផុត ហើយខ្ញុំនឹងដាក់គោលដៅខ្លួនឯងឲ្យច្បាស់លាស់ថា ខ្ញុំនឹងយកជ័យលាភីឲ្យបាន ។ ចំពោះការអភិវឌ្ឍខ្លួនឯងរបស់នាងខ្ញុំនោះ ដូចជាការហាត់ប្រាណ ការជួយការងារសង្គម ការបន្តការសិក្សាផ្នែកវេជ្ជបណ្ឌិត ហើយនិងដើរម៉ូដ ហើយនិងចំណេះដឹងភាសាអង់គ្លេស ចំណេះដឹងទូទៅសម្រាប់កម្មវិធីប្រកួតបវរកញ្ញា ។ រីឯផ្នែកសប្បុរសធម៌ ក៏ខ្ញុំត្រូវតែធ្វើដែរ ដោយសារតែរាល់ថ្ងៃហ្នឹង ភាគច្រើន ការងារថ្ងៃសៅរ៍-អាទិត្យ ខ្ញុំចុះជួយសង្គម តាមខេត្ត ដោយសារខ្ញុំធ្វើការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុន ម៉ានី ។
នគរធំ ៖ តើអ្វីជាបំណងប្រាថ្នាទៅថ្ងៃអនាគតរបស់កញ្ញា?
កញ្ញាឈុន រក្សា ៖ សម្រាប់ថ្ងៃអនាគត គឺទី១ នាងខ្ញុំចង់បញ្ចប់ផ្នែកវេជ្ជបណ្ឌិត ដើម្បីជួយដល់សង្គម ប្រជាជនកម្ពុជា ឲ្យយល់ដឹងពីបញ្ហាសុខភាព ហើយទី២ គឺការដែលប្រកួតបវរកញ្ញា ក្នុងការក្លាយទៅជាស្ដី្រម្នាក់ដែលតំណាងឲ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ហើយនិងយកជោគជ័យមកជូនកម្ពុជាវិញ ។ ក្រៅពីនេះ ខ្ញុំក៏ស្រឡាញ់សិល្បៈ ព្រោះអីចង់លើកស្ទួយវិស័យសិល្បៈខែ្មរ ឲ្យកាន់តែទូលំទូលាយ ឲ្យគេយល់ដឹងកាន់តែច្បាស់ ពោលគឺខ្ញុំចង់ក្លាយជាតារាសម្ដែង និងពិធីការិនី ។

នគរធំ ៖ អ៊ីចឹងទាក់ទងនឹងវិស័យសិល្បៈ តើមានខាងផលិតកម្ម ឬស្ថានីយទូរទស្សន៍ណាទាក់ទងមកឬទេ?
កញ្ញាឈុន រក្សា ៖ ចា មាន! ប៉ុន្តែដោយឥឡូវហ្នឹង ខ្ញុំទើបតែចប់កម្មវិធីអ៊ីចឹង ខ្ញុំនៅសល់ការងារត្រូវធ្វើច្រើនទៀត ជាពិសេសការងាររាល់ថ្ងៃហ្នឹង គឺការបន្តការសិក្សារបស់ខ្ញុំ ដោយសារខ្ញុំកំពុងប្រឡង ខ្ញុំមិនអាចធ្វេសប្រហែសបានទេ ព្រោះខ្ញុំរៀនដល់ឆ្នាំទី៤ ហើយ នៅសល់ ៤ឆ្នាំទៀត ទើបចប់ ហើយតយកឯកទេសទៀត ៤ឆ្នាំទៀត គឺនៅសល់រយៈពេល៨ឆ្នាំទៀតឯណោះ ទើបមានឱកាសបានក្លាយជាវេជ្ជបណ្ឌិត ។ ប៉ុន្តែខ្ញុំគិតថា បើជាក្ដីស្រឡាញ់របស់យើង ពេលវេលាប៉ុណ្ណឹង វាអត់យូរទេ បានន័យថា ការចង់ក្លាយជាវេជ្ជបណ្ឌិតហ្នឹង គឺក្ដីស្រឡាញ់តាំងពីតូចមកតែម្ដង ។ បន្ទាប់មក ក្ដីស្រមៃទី២ គឺចង់ក្លាយជាបវរកញ្ញា ហើយក្ដីស្រមៃទាំងពីរនេះ ឥឡូវហ្នឹង ចេញជារូបរាងខ្លះហើយ ដោយសារតែទី១ ខ្ញុំបានរៀនដល់ឆ្នាំទី៤ ផ្នែកវេជ្ជបណ្ឌិត ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងបវរកញ្ញាចក្រវាលកម្ពុជា នេះ ។
នគរធំ ៖ ជាចុងក្រោយ តើកញ្ញា មានពាក្យពេចន៍អ្វីចង់បញ្ជាក់ទៅកាន់ជនរួមជាតិខ្មែរទេ?
កញ្ញាឈុន រក្សា ៖ ទី១ ខ្ញុំអរគុណដល់ក្រុមគ្រួសារខ្ញុំខ្លាំងមែនទែន ដែលពួកគាត់តែងតែនៅពីក្រោយជោគជ័យរបស់ខ្ញុំ ជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ ហើយទី២ នាងខ្ញុំអរគុណដល់ Fan ទាំងអស់ ដែលតែងតែជំរុញទឹកចិត្តនាងខ្ញុំ ឲ្យបានមកដល់ពេលនេះ ។ អ្វីដែលសំខាន់នោះ ជាការជូនពរ ក៏ដូចជាសំណូមពរ នាងខ្ញុំចង់ឲ្យស្រ្តីទាំងអស់ រៀនរស់តាមក្ដីស្រមៃរបស់ខ្លួនឯង និងរៀនរស់តាមគោលដៅរបស់ខ្លួនឯង កុំរស់នៅក្រោមគំនាបគ្រួសារនិងសង្គម បើគិតថាចង់ធ្វើ ឬក៏មានបំណងប្រាថ្នាអ្វីដែលល្អ គឺធ្វើ ។
មួយទៀត នាងខ្ញុំចង់ប្រាប់ទាំងអស់គ្នាថា កុំគិតថា ការប្រឡងបវរកញ្ញា គឺជាកម្មវិធីមួយដែលអត់ល្អ ឬកុំគិតថា កម្មវិធីប្រឡងបវរកញ្ញានេះ គ្រាន់តែជាកម្មវិធីមួយបង្ហាញពីសម្រស់ទេ គឺខុសហើយ តាមពិតកម្មវិធីនេះ គឺជាកម្មវិធីដែលបង្ហាញពីភាពរឹងមាំ ឥទ្ធិពលរបស់ស្រ្តីទាំងអស់ ក្នុងការនិយាយជាសាធារណៈ ឲ្យប្រជាជន ឲ្យពិភពលោកបានដឹង ហើយបានជួយទៅដល់សង្គម ឬក៏ប្រជាជនទាំងអស់គ្នាផងដែរ ។

ចំណុចហ្នឹងហើយ ខ្ញុំចង់និយាយទៅកាន់ពិភពលោកថា ខ្ញុំមានមោទនភាពមែនទែន ដែលនាងខ្ញុំកើតនៅក្នុងប្រទេសដែលមានអត្តសញ្ញាណជាតិច្បាស់លាស់ ហើយប្រជាជន មានភាពសាមគ្គី ស្រឡាញ់គ្នា ហើយចំពោះស្រ្តីកម្ពុជា គឺពួកគាត់មានភាពខ្លាំង មានសមត្ថភាព មានចំណេះដឹង ហើយពួកគាត់មានមុខងារដែលជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋទៀត ។ ជាចុងក្រោយ នាងខ្ញុំសុំឲ្យប្រជាជនខ្មែរ ការពារខ្លួន ព្រោះអីឥឡូវ ដោយសារសម័យកូវីដ យើងអត់អាចធ្វើអីបានទេ ហើយវាអាចមានគ្រោះថ្នាក់ អ៊ីចឹងចង់ឲ្យការពារ និងថែទាំសុខភាព តាមគោលការណ៍របស់ក្រសួងសុខាភិបាល ឲ្យបានច្បាស់ ហើយសង្ឃឹមថា កូវីដ-១៩ ហ្នឹងនឹងចប់ពីប្រទេសយើង ឬក៏ពិភពលោក ក្នុងពេលឆាប់ៗហ្នឹង ៕ កុលបុត្រ