ខេត្តត្បូងឃ្មុំ ៖ ប្តីប្រពន្ធមួយគូរួមរស់ជាមួយគ្នា បង្កើតបានកូន២នាក់ កំពុងមានសុភមង្គល ស្រាប់តែនៅសុខៗស្ត្រីជាប្រពន្ធបានចេញបាត់ពីផ្ទះដោយគ្មានដំណឹង ដោយបន្សល់ទុកកូន២នាក់ ឱ្យប្តីមើលថែផង ធ្វើការងារផង និងថែមទាំងឆ្លៀតតាមរកប្រពន្ធផង ប៉ុន្តែអស់រយៈពេល៧ថ្ងៃទៅហើយ នៅតែមិនឃើញ ទើបបុរសជាប្តីបានទទូចអង្វរហៅប្រពន្ធវិលវិញមកអូន បងនិងកូន កំពុងទន្ទឹងផ្លូវ។

បុរសជាប្តីដែលកំពុងតាមស្វែងរកប្រពន្ធខាងលើនេះ មានឈ្មោះនេន នឿន អាយុ២១ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួន មានឈ្មោះធី សុខនាង អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិខាងលើជាមួយគ្នា។
បុរសជាប្តីខាងលើ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកខ្លួនបានរួមរស់នឹងគ្នា ប្រកបដោយសុភមង្គល រហូតដល់បង្កើតបានកូនចំនួន២នាក់ ជាចំណងនិស្ស័យ។ ស្រាប់តែនៅសុខៗ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រពន្ធរបស់ខ្លួន បានបាត់ចេញពីផ្ទះ នៅឯភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយមិនដឹងថា ទៅណាសោះឡើយ ដោយទុកកូន២នាក់ ឱ្យខ្លួនជាប្តីនៅមើលថែ និងឆ្លៀតពេលទៅធ្វើការងាររកប្រាក់ចំណូលចិញ្ចឹមជីវិតផង ឆ្លៀតដើររកប្រពន្ធសព្វទិសទីផង ប៉ុន្តែមិនទទួលបានតម្រុយបន្តិចសោះឡើយ។

បុរសជាប្តី បញ្ជាក់ថា តាំងពីថ្ងៃដែលប្រពន្ធចេញបាត់ពីផ្ទះ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ខ្លួនជាប្តីនៅមិនទាន់ទទួលបានដំណឹងអ្វីពីប្រពន្ធបន្តិចសោះ មិនដឹងថា ទៅដល់ទីណាទៅជាមួយអ្នកណា និងចេះតែព្រួយបារម្ភខ្លាចចាញ់ល្បិចមនុស្សមិនល្អ បោកបញ្ឆោតនាំយកទៅធ្វើបាបដោយប្រការណាមួយ។

ជាមួយនេះ បុរសជាប្តី បានទទូចអង្វរហៅប្រពន្ធ វិលមកផ្ទះវិញណាអូន បងនិងកូន កំពុងទន្ទឹងចាំមើលផ្លូវ និងមានការព្រួយបារម្ភខ្លាំងណាស់។

បុរសជាប្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញនារីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកដល់ក្រុមគ្រួសាររបស់លោក តាមរយៈ ទូរស័ព្ទលេខ ០៨៨ ៥៤ ៦៤ ៨១០ និង ០៨៨ ៩០ ២៣ ៥០១ ដោយក្តីអនុគ្រោះផងចុះ៕