Tuesday, August 5, 2025
Homeព័ត៌មានជាតិស្ត្រីឡាយវីដេអូ មានអ្នកមើលជាង 19K ផ្អើលផ្សារអូរឬស្សី ចេញមុខសុំទោស

ស្ត្រីឡាយវីដេអូ មានអ្នកមើលជាង 19K ផ្អើលផ្សារអូរឬស្សី ចេញមុខសុំទោស

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ជាអាជីករលក់ម៉ូតូ គ្រាន់តែឃើញរថយន្តសង្គ្រោះ១គ្រឿង មកទទួលយកបុរសម្នាក់នៅលើផ្លូវម្តុំផ្សារអូរឫស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ស្រាប់តែទាញទូរស័ព្ទដៃធ្វើការផ្សាយផ្ទាល់ រយៈពេលជិត១៩នាទី តាមហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងបាននិយាយថា ជំងឺកូវីដ-១៩ ឆ្លងចូលដល់ផ្សារអូរឫស្សីហើយ សូមឱ្យបងប្អូនប្រយ័ត្ន ហើយភ្លាមៗនោះ មានអ្នកចូលទស្សនាប្រមាណជិត២ម៉ឺននាក់ (19K) និងបានបង្កឱ្យមានការភ្ញាក់ផ្អើល និងជ្រួលច្របល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅម្តុំផ្សារអូរឫស្សី កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

យ៉ាងណា រហូតដល់ម៉ោង១០ព្រឹកថ្ងៃដដែលនេះ គណនីហ្វេសប៊ុកនារីខាងលើ ឈ្មោះ Chanthol Lay បានលុបវីដេអូដែលផ្សាយផ្ទាល់របស់ខ្លួនចេញវិញ ហើយបានចេញវីដេអូមួយទៀត ធ្វើការសុំទោសជាសាធារណៈផងដែរ។ ប៉ុន្តែវីដេអូជិត១៩នាទីខាងលើនោះ ត្រូវបានគណនី និងទំព័រហ្វេសប៊ុកមួយចំនួនទៀត យកទៅបង្ហោះ និងចែករំលែកជាបន្តបន្ទាប់ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍មូលដ្ឋានបានចុះសហការជាមួយសាលាសង្កាត់អូរឫស្សីទី២ ទូរស័ព្ទហៅរថយន្តសង្គ្រោ មួយគ្រឿង មកទទួលបុរសម្នាក់ជាអ្នកបកប្រែភាសាចិន ស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ដែលមានអាការឡើងកម្តៅក្នុងខ្លួនបញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីពិនិត្យសុខភាព។

មន្ត្រីមានសមត្ថកិច្ច និងមន្ត្រីជំនាញ បានថ្លែងថា ខណៈពេលកម្ពុជា បានកំណត់ពេលវេលា១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នេះ ចូរបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំសន្និដ្ឋានអ្វីមួយ មុនការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ព្រោះអាចបង្កឱ្យមានការភ្ញាក់ផ្អើលជ្រួលច្របល់ដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ ផងដែរ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត៕

RELATED ARTICLES