ភ្នំពេញ ៖ បុរស២នាក់ទើបនឹងចេញមកពីផឹកស៊ី ធ្វើដំណើរសំដៅទៅផ្ទះវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវស្ងាត់ ក៏លេចមុខបុរស២នាក់ ស្លៀកពាក់ស៊ីវិល ឈរសងខាងផ្លូវ កាក់ឃាត់សួរនាំ ដោយអះអាងថា ពួកគេជាប៉ូលិសគ្រឿងញៀន សុំឆែកឆេរ លុះឃើញសភាពមិនស្រួល ជនរងគ្រោះក៏បានទូរស័ព្ទហៅបងប្អូនមកជួយ ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់ ទាញដាវបម្រុងកាប់ប្លន់ តែត្រូវក្រុមជនរងគ្រោះស្ទុះចូលប្រតាយប្រតប់ បណ្តាលឱ្យជនសង្ស័យម្នាក់បែកក្បាល ម្នាក់ទៀតប៉ោងមុខ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះចាប់ក្របួចជាប់តែម្តង។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចដីវាល ក្នុងភូមិត្រពាំងល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះតេង បុន្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅម្តុំបុរីសន្តិភាព២។ និងទី២-ឈ្មោះឆេង លឹប ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ ស្នាក់នៅជិតបុរីសន្តិភាព២ មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះមានឈ្មោះការ ស៊ី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើសំណង់ មានលំនៅភូមិព្រែកសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូ១គ្រឿងម៉ាក មីអូរ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AC-9079 ជិះឌុបគ្នា២នាក់។

តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់មានគ្នា២នាក់ជិះម៉ូតូ១គ្រឿង ចេញពីកន្លែងហូបចុកនៅផ្លូវវេងស្រេង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលំទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខ ជនសង្ស័យ២នាក់ឈរអែបផ្លូវទាំងសង្ខាង និងតាំងខ្លួនជាប៉ូលិស ក៥ ខាងប្រឆាំងបទល្មើសគ្រឿងញៀន ហើយក៏សម្លុតសួរពួកគាត់ឆែកឆេរ រកគ្រឿងញៀន ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ។

ខណៈពេលនោះរូបគាត់ឃើញសភាពមិនស្រួល ក៏បានទូរស័ព្ទហៅបងប្អូនមកដល់កន្លែង កើតហេតុបន្ថែម ហើយក៏បានសួរនាំ ស្រាប់តែជនសង្ស័យម្នាក់ទាញដាវបំរុងកាប់ពួកគាត់ តែត្រូវគ្នាគាត់ហក់ធាក់ឱ្យដួល និងបានវ៉ៃថែមបណ្តាលឱ្យជនសង្ស័យម្នាក់បែកក្បាល និងម្នាក់ទៀតប៉ោងមុខ រួចហើយទើបទាក់ទងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ក្រោយមកក៏មានប្រជាពលរដ្ឋមកជាច្រើន បានជួយចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច ពេលដែលសមត្ថកិច្ចមកដល់ បានប្រមូលវត្ថុ តាងរួមមាន ដាវសាម៉ូរ៉ៃមួយដើម ដែកឆាបមួយ១ដើម និងដែកទីបមួយព្រមទាំងមានទូរស័ព្ទ និងឧបករណ៍ផ្សេងៗ សម្រាប់ធ្វើសកម្មភាព ដូចជាខ្សែរភ្លើងទាក់កជាដើម។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕