ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ភ្នំដីស ហៅភ្នំរំសាយសក់ ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ជិតរលាយ ក្លាយជាវាលរាបទៅហើយ បន្ទាប់ពីត្រូវបានក្រុមឈ្មួញធ្វើអាជីវកម្ម ដោយដាក់គ្រឿងចក្រទន្ទ្រានកាយយកអាចម៍ដីលក់ យ៉ាងអនាធិបតេយ្យ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំ ខាងលើនេះ បានបង្ហើបប្រាប់នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ថា ជាច្រើនថ្ងៃមកហើយ ពួកគាត់បានសង្កេតឃើញក្រុមឈ្មួញ នាំយកគ្រឿងចក្រកាយទន្ទ្រានភ្នំ យកអាចម៍ដី ដឹកចេញរាប់សិបឡាន ក្នុងមួយថ្ងៃៗ តែមិនដឹងថាគេយកទៅលក់ ឬយកធ្វើអ្វីនោះទេ ហើយក៏មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះដែរ ព្រោះមិនឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញណាចុះមកហាមឃាត់ ឬធ្វើការបង្ក្រាបឡើយ។

ដោយឡែកលោកហោ ដែលជាម្ចាស់គ្រឿងចក្រខាងលើ បានឱ្យដឹងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ថា លោកបានសុំអនុញ្ញាតទៅខាងស្រុក ខាងខេត្ត និងខាងរ៉ែ ដែរ ដោយយកទៅធ្វើផ្លូវមួយខ្សែ ប្រវែង ២០០០ម៉ែត្រ នៅឃុំឈើទាល ។

ពាក់ព័ន្ធទៅនឹងគ្រឿងចក្រដែលកំពុងទន្ទ្រានកាយដីភ្នំ នៅត្រង់ចំណុចខាងលើនេះដែរ លោកកោះ សេងហាវ មេឃុំឈើទាល បានបញ្ជាក់ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ថា បញ្ហានេះគឺជាគម្រោងខាងឃុំ បានស្នើទៅស្រុក និងមានការឯកភាពពីអភិបាលខេត្ត ផងដែរ ទើបខាងឃុំ បានឱ្យគ្រឿងចក្រមកចាក់ដីធ្វើផ្លូវ មួយខ្សែមានចម្ងាយ ២០០០ម៉ែត្រ និងដីក្រួស ចំនួន ២០០ឡាន។

លោកអ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបង បានបញ្ជាក់នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ថា លោកនឹងចាត់ឱ្យមន្ត្រីជំនាញចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចផ្អាកសកម្មភាពម្ចាស់អាជីវកម្មនោះភ្លាម បើពុំមានការស្នើសុំត្រឹមត្រូវ។ លោកបន្តថា ចំពោះ គ្រឿងចក្រដែលចូលមកយកអាចម៍ដីនោះ គឺមានការស្នើសុំពីឃុំ ស្រុក និងមានការឯកភាពពីលោកអភិបាលខេត្ត តាំងពីដើមខែកញ្ញា មកម៉្លេះ ហើយមួយវិញទៀត ការស្នើសុំរបស់ឃុំឈើទាល គឺមានដីក្រួស ចំនួន២០០ឡាន ប្រវែងផ្លូវ ២០០០ម៉ែត្រ។

ប្រជាពលរដ្ឋដែលរស់នៅជាប់មាត់ថ្នល់ ស្ថិតនៅភូមិចម្ការស្វាយ ឃុំឈើទាល ស្រុកបាណន់ បានបញ្ជាក់ថា ចំពោះក្រុមហ៊ុនឡានដឹកដីខាងលើនេះ បានដឹកជញ្ជូនដីយកមកធ្វើផ្លូវក្រោយទឹកជំនន់នេះ គឺគាត់បានឃើញមកចាក់តែនៅពេលព្រឹកទេ កន្លងមកពុំដែលមានឡើយ។

គួររំលឹកដែរថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារព័ត៌មានយើង បានចុះទៅផ្តិតយករូបភាពគ្រឿងចក្រកំពុងធ្វើសកម្មភាពនៅលើខ្នងភ្នំដីស នោះ ហើយឡានជាច្រើនគ្រឿង បានដឹកចេញមកខាងក្រៅ មួយល្ងាចពេញតែម្តង ម្ចាស់គ្រឿងចក្រ បានប្រាប់ថា យកទៅធ្វើផ្លូវ។ ចំណែកលោកមេឃុំឈើទាល ឈ្មោះកោះ សេងហាវ បានប្រាប់ដូចគ្នាថា យកមកធ្វើផ្លូវដូចគ្នាដែរ តែបើយោងតាមការស្នើសុំជាមួយនឹងថ្នាក់ដឹកនាំខេត្ត គឺសុំធ្វើផ្លូវតែមួយខ្សែទេ តែពេលនេះ បែរជាបកស្រាយថាធ្វើផ្លូវច្រើនខ្សែទៅវិញ៕ ប៊ុនថេត