ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ឃើញប្រពន្ធរបស់ខ្លួនកំពុងសរសៃខ្ចី ជួបជុំមិត្តភក្តិប្រុសស្រីផឹកស៊ី ណែនាំតែមាត់មិនស្តាប់ ក៏ប្រើកម្លាំងបាយ វាយ៣ដៃ ទុកជាការព្រមាន ស្រាប់តែពេលត្រឡប់មកពីធ្វើការវិញ បាត់ប្រពន្ធមិនដឹងទៅណា លុះសួរអ្នកជិតខាង ទើបដឹងថា ប្រពន្ធបីកូនខ្ចីចុះចោលផ្ទះ រត់ចោលប្តីបាត់ទៅហើយ ទើបបុរសជាប្តីខំដឹកដៃកូនស្រីតាមរកប្រពន្ធកូនសព្វកន្លែង តែរកមិនឃើញ។
ទីបំផុត បរុសជាប្តីរូបនោះក៏សម្រេចចិត្តមកប្តឹងសមត្ថកិច្ច និងអ្នកសារព័ត៌មាន ឱ្យជួយរកប្រពន្ធ កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលបាត់ប្រពន្ធនោះ មានឈ្មោះ ចាប សុជាតិ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកស្ត្រីជាប្រពន្ធដែលចុះចោលផ្ទះបាត់នោះ មានឈ្មោះតាំង ម៉ីម៉ី ហៅអាហុង អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភ្នំពេញ ជាកូនកំព្រា។
តាមសម្តីបុរសជាប្តី បានឱ្យដឹងថា រូបគាត់និងប្រពន្ធ បានរួមរស់ជាមួយគ្នា អស់រយៈពេល១១ឆ្នាំមកហើយ មានកូនចំនួន ៣នាក់ ក្នុងនោះ កូនស្រីតូច ២នាក់ និងកូនប្រុសម្នាក់ ទើបតែអាយុ ៦ខែប៉ុណ្ណោះ។ តាំងពីដើមមក ប្រពន្ធរបស់គាត់ នៅតែផ្ទះ មើលថែកូន ចំណែកគាត់ជាប្តី ប្រឹងចេញដើរធ្វើសំណង់ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។

បុរសជាប្តីបានបញ្ជាក់ថា មុនថ្ងៃដែលប្រពន្ធរត់ចេញពីផ្ទះ គាត់បានឃើញប្រពន្ធចេះផឹកស៊ីជាមួយមិត្តភក្តិស្រីប្រុសជាច្រើនថ្ងៃ ទើបគាត់បានណែនាំជាច្រើនដងមកហើយ កុំឱ្យផឹកស៊ី ព្រោះខ្លួននៅសរសៃខ្ចីផង តែប្រពន្ធមិនស្តាប់ និងចេះតែតមាត់ និងប្រើពាក្យសម្តីមិនសមរម្យដាក់គាត់ជាប្តី ទើបធ្វើឱ្យទប់ចិត្តមិនបាន ក៏ជ្រុលដៃវាយប្រពន្ធ ២-៣ដៃទៅ ស្រាប់តែប្រពន្ធខឹង ចាក់សោបន្ទប់ មិនឱ្យគាត់ចូលផ្ទះ អស់មួយយប់ លុះព្រឹកឡើង គាត់បានចេញទៅធ្វើការសំណង់បាត់ ដោយមិនបានចាប់អារម្មណ៍ថា ប្រពន្ធខឹងគាត់ដល់ថ្នាក់រត់ចោលគាត់ ដោយយកកូនប្រុសម្នាក់ ទៅជាមួយ និងទុកកូនស្រី ២នាក់ នៅផ្ទះឡើយ។ លុះពេលគាត់ត្រឡប់មកពីធ្វើការវិញ ស្រាប់តែបាត់ប្រពន្ធ ឃើញតែកូនស្រី ២នាក់ នៅចាំផ្ទះ យ៉ាងកណ្តោចកណ្តែង។
បុរសជាប្តី បានបន្តទៀតថា បន្ទាប់ពីប្រពន្ធរត់ចោលគាត់ រហូតមកដល់ពេលនេះ អស់រយៈពេលជាងមួយខែ មកហើយ គាត់បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកប្រពន្ធគាត់ តែរកមិនឃើញទៀត រាល់ថ្ងៃ គាត់មិនបានទៅធ្វើការនោះទេ គឺនៅមើលកូនស្រីតូច ២នាក់ ដែលអត់មានអ្នកមើល ធ្វើឱ្យជីវភាពរបស់គាត់ទីទ័លក្រតែម្តង ។

ជាចុងក្រោយ បុរសជាប្តី បានសំណូមពរដល់ប្រពន្ធ ឱ្យវិលត្រឡប់មកផ្ទះវិញផង ព្រោះកូនស្រីទាំង២ នឹកម្តាយខ្លាំងណាស់។ ចំពោះកំហុសឆ្គងដែលគាត់បានធ្វើទៅលើប្រពន្ធ គាត់នឹងកែខ្លួន ហើយមិនប្រកាន់ខឹងនឹងប្រពន្ធទៀតទេ សូមឱ្យតែប្រពន្ធត្រឡប់មកផ្ទះវិញ ជួយមើលកូន ទើបគាត់អាចទៅធ្វើការរកប្រាក់ផ្គត់ផ្គង់គ្រួសារបាន៕