អតីតតារាចម្រៀង អ្នកនាងឱក បូរី បានលេចមុខជាថ្មីនៅកម្មវិធីកម្សាន្ដមួយ ដែលរៀបចំដោយលោកយ៉ែម សំអូន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលោកសំអូន បានសរសើរពីគុណសម្បត្តិរបស់អ្នកនាងយ៉ាងច្រើន ទើបធ្វើឲ្យគេសង្ស័យថា ពេលនេះតារាកូន៣ ដែលក្លាយទៅជាជំទាវរូបនេះ វិលចូលច្រៀង សម្ដែងក្នុងក្រុមហ៊ុនរបស់លោកសំអូន ហើយ។

ប៉ុន្ដែអ្នកខ្លះទៀតមានចម្ងល់ថា អ្នកនាងឱក បូរី ក្លាយទៅជាជំទាវទៅហើយ ម៉េចបានមកចាប់អាជីពចម្រៀងវិញបែបនេះ ឬមួយក៏នាងប្រេះឆាស្នេហ៍ជាមួយលោកមន្រ្ដីធំ លោកស៊ុត តារា?
ក្នុងជំនួបតាមទូរស័ព្ទជាមួយលោកយ៉ែម សំអូន កាលពីរសៀលថ្ងៃទី២ធ្នូ តារាចម្រៀងនិងសម្ដែងរូបនេះ បានឲ្យដឹងថា លោកពិតជាបានជួបអ្នកនាងបូរី កាលពីពេលថ្មីៗនេះមែន។

ប៉ុន្ដែលោកសំអូន ថា អ្នកនាងបូរី មិនមែនចូលច្រៀងក្នុងក្រុមហ៊ុនកម្សាន្ដរបស់លោកនោះទេ ដោយគ្រាន់តែលោកជាអ្នករៀបចំកម្មវិធីសម្ពោធផ្សារឃ្លាំងរំសេវ នៅខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយពេលនោះអ្នកនាងបូរី អញ្ជើញចូលរួមដែរ ហើយគាត់បានដើរសំដៅមកជួបលោក និងបានសំណេះសំណាលគ្នាច្រើន។
លោកសំអូន បន្តថា អ្វីដែលលោកមិនសរសើរអ្នកនាងបូរី មិនបាននោះ គឺទោះជាពេលនេះគាត់បានក្លាយទៅជាជំទាវ និងមានអ្នកកាន់កាបូបឲ្យក្ដី ប៉ុន្ដែរអ្នកនាងបូរី នៅតែរាប់អានលោក និងអ្នកសិល្បៈ ធ្លាប់ស្គាល់គ្នាដូចមុន ដោយមិនប្រកាន់ខ្លួនថា ជាជំទាវនោះឡើយ។

លោកបន្ថែមថា តាំងពីអ្នកនាងបូរី ចេញពីសិល្បៈមក លោកមិនសូវបានជួបទេ គឺយូរៗជួបគ្នាម្ដង តាមកម្មវិធីអ្នកសិល្បៈ ដូចជាថ្ងៃបុណ្យសពម្ដាយសូដា នីតា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នោះ ក៏គាត់ចូលរួមដែរ។
លោកសំអូន បានរំលឹកអនុស្សារីយ៍កាលពីជិត៣០ឆ្នាំមុនថា ធ្លាប់បានរួមការងារជាមួយអ្នកនាងបូរី ឲ្យក្រុមហ៊ុនបារីមួយ និងធ្លាប់ច្រៀងនៅហាងបុប្ផាទិព្វ ជាមួយគ្នាជាច្រើនឆ្នាំផងដែរ។

លោកអះអាងទៀតថា ពេលនេះ អ្នកនាងបូរី ច្រើនតែលេចមុខជាមួយជំទាវៗ តែគាត់មិនប្រកាន់ខ្លួនទេ នៅតែមករាក់ទាក់អ្នកស្គាល់គ្នាពីមុន ហើយបើទោះជាគាត់មិនដែលច្រៀងជាច្រើនឆ្នាំមែន តែលោកជឿថា អ្នកនាងបូរី នៅតែច្រៀងពីរោះដូចមុនអីចឹង។

អ្នកនាងឱក បូរី បានដកខ្លួនពីអាជីពសិល្បៈជិត២០ឆ្នាំមកហើយ ក្រោយភ្ជាប់ស្នេហ៍ជាមួយលោកស៊ុត តារា ជាអគ្គនាយករងនៃអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ហើយពេលនេះអ្នកនាងមានកូនស្រី៣នាក់ទៅហើយ។

អតីតតារាចម្រៀងរូបនេះ ស្ថិតក្នុងចំណោមតារាដែលឡើងងារជាជំទាវ មានដូចជា អ្នកនាងស្រីតូច ចំណាន, ពេជ្រ ច័ន្ទបរមី, ហ៊ឹម ស៊ីវន, លី យ៉ាណា, ផាន់ ម៉ូលីកា និងចាន់ កែវនិមល ជាដើម៕ ហ៊ឹម វិចិត្រ