ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានកើតមានអាការជំងឺវង្វេងវង្វាន់ប្រចាំកាយ ជាយូរមកហើយ លុះអាការកាន់តែធ្ងន់ខ្លាំងឡើង ទើបត្រូវបានកូននាំយកទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយព្យាបាល ដឹងអី! ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនបានប៉ុន្មានផង បុរសជាឪពុកបានរត់ចេញពីមន្ទីរពេទ្យបាត់ ធ្វើឱ្យកូនៗមានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងតាមស្វែងរកសព្វកន្លែង។
បុរសជាឪពុកដែលបានរត់ចេញពីមន្ទីរពេទ្យខាងលើនេះ មានឈ្មោះនៅ ផាត់ អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស។

តាមប្រភពពីកូនរបស់បុរសដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ឪពុករបស់គាត់ បានកើតមានអាការជំងឺវង្វេងវង្វាន់មួយរយៈមកហើយ ដោយឧស្សាហ៍ភ្លេចភ្លាំង និងដើរបាត់ពីផ្ទះជាញឹកញាប់។ លុះមួយរយៈចុងក្រោយនេះ ដោយសារតែឃើញអាការជំងឺហាក់កាន់តែធ្ងន់ឡើង ទើបពួកគាត់ជាកូនបានជូនឪពុកមកមន្ទីរព្យេបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយព្យាបាល ក្រែងបានធូរស្រាលវិលរកភាពប្រក្រតីវិញ។
ប្រភពដដែល បន្តថា ស្រាប់តែមកដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនបានប៉ុន្មានផង ក៏ស្រាប់តែឪពុកគាត់បានរត់ចេញពីមន្ទីរពេទ្យ បាត់តែម្តង ហើយភ្លាមៗនោះ ពួកគាត់ជាក្រុមគ្រួសារបាននាំគ្នាចេញតាមស្វែងរកភ្លាមៗដែរ តែរហូតមកដល់ពេលនេះ គឺពុំទាន់ទទួលបានដំណឹងនៅឡើយទេ៕