ភ្នំពេញ ៖ ក្រុមកម្មករជនជាតិចិន និងជនជាតិខ្មែរ ប្រមាណជាង ៣០នាក់ បានធ្វើការតវ៉ាបិទផ្លូវ និងលើកបដានៅខាងមុខក្រុមហ៊ុន ជិន យ៉ាស៊ីង ដែលមានទីតាំងស្ថិតនៅផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណង ទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ខែ ចំនួន៤ខែ ដែលក្រុមហ៊ុនមិនបានបើកឱ្យពួកគេ។
បន្ទាប់ពីការតវ៉ាលើកបដា បិទផ្លូវ នេះ លោកអាំង សេរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះទៅជួយសម្របសម្រួល និងអន្តរាគមន៍ឱ្យក្រុមកម្មករបើកផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលធម្មតាទើប ក្រុមកម្មករទាំងនេះ បានយល់ព្រមបើកឱ្យធ្វើចរាចរណ៍វិញ។

គួររំលឹកថា នាពេលកន្លងមកនេះ ក្រុមកម្មករជនជាតិចិន និងជនជាតិខ្មែរទាំងនេះ ក៏ធ្លាប់បាននាំគ្នាទៅសុំអន្តរាគមន៍នៅមុខស្ថានទូតចិន ប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុន ជិន យ៉ាស៊ីង បើកប្រាក់ខែ ឱ្យពួកគាត់ ចំនួន ៤ខែ ដែលក្រុមហ៊ុនមិនបានបើកឱ្យ៕