Sunday, August 3, 2025
Homeព័ត៌មានជាតិម្តាយមកដល់ ចំណាយលុយ១០០០ដុល្លារ ៤ម៉ោងក្រោយ រកឃើញកូន

ម្តាយមកដល់ ចំណាយលុយ១០០០ដុល្លារ ៤ម៉ោងក្រោយ រកឃើញកូន

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានចុះទៅលេងទឹកទន្លេ ជាមួយមិត្តភក្តិម្នាក់ទៀត លុះក្រោយមក ស្រាប់តែលង់លិចចូលទន្លេបាត់ខ្លួន ធ្វើឱ្យមិត្តភក្តិភ័យក៏រត់ទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះ និងប្រញាប់ស្រូតដំណើរមកដល់កន្លែងកើតហេតុ ជួលអ្នក នេសាទជនជាតិខ្មែរអ៊ិស្លាម ក្នុងតម្លៃ១ពាន់ដុល្លារ ដើម្បីឱ្យជួយចុះរាវរកកូនប្រុស ទីបំផុត រយៈពេល៤ម៉ោង ទើបរាវរកសពឃើញ និងធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍ក្មេងប្រុសលង់ទឹកទន្លេស្លាប់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេ នៅក្បាលជ្រោយចង្វា មុខសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ច បានឱ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់នោះ មានឈ្មោះ ផល្លី  តារារាជ ហៅវិទូ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាសាគូរ៉ា ក្បាលជ្រោយចង្វា ស្នាក់នៅក្បែរកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ  កាលពីវេលាជិតថ្ងៃត្រង់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្មេងប្រុសរងគ្រោះ រួមនិងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាមកចុះងូតទឹកទន្លេលេង នៅចំណុចកើតហេតុខាងលើ លុះក្រោយមក នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះ ក្មេងប្រុសរងគ្រោះបានរអិលជើងចូលទឹកជ្រៅលិចបាត់ខ្លួនក្នុងទឹកទន្លេតែម្តង ធ្វើឱ្យក្មេងប្រុសជាមិត្តភក្តិភ័យឆោឡោ ប្រញាប់រត់ទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះឱ្យបានដឹងភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានដំណឹងថា កូនប្រុសលង់ទឹកទន្លេ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះបានប្រញាប់ស្រូតដំណើរមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានជួលអ្នកនេសាទជនជាតិខ្មែរ-អ៊ិស្លាម ក្នុងម្លៃ១ពាន់ដុល្លារ ដើម្បីឱ្យចុះរាវរកកូនប្រុសរបស់ខ្លួនទៀតផង។ លុះក្រោយពីមុជទឹករាវរកអស់រយៈពេលប្រមាណ៤ម៉ោង ទើបនៅវេលាម៉ោង៤និង២០នាទី ក៏ប្រទះឃើញសពក្មេងប្រុសរងគ្រោះ រួចក៏ស្រង់ឡើងមកលើគោក ប្រគល់ឱ្យឪពុកម្តាយ។

បន្ទាប់ពីរកឃើញសពកូនប្រុស ឪពុកម្តាយ បាននាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅឈាបនដ្ឋានវត្តប្រជុំសាគរ ដោយក្តីសោកសង្រេងជាទីបំផុត៕

RELATED ARTICLES