អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលថ្មីៗនេះ ឱក សុគន្ធកញ្ញា ហាក់ត្រូវបានអតីតកូនក្រុមរបស់នាង ដែលជាតារាចម្រៀងនៅផលិតកម្ម Galaxy គឺកញ្ញាតន់ ច័ន្ទសីម៉ា ហាក់គំរាមកំហែងទីផ្សារចម្រៀង ព្រោះតែម្ចាស់បទ “គេនោះជាស្រីកាប់ដាវ” នោះ ត្រូវបានថៅកែរបស់ខ្លួនបញ្ចេញសារថា បទចម្រៀងរបស់នាងមានអ្នកចូលមើសសរុប រហូតដល់ទៅ៤៤១លានដងទៅហើយ។

Galaxy ថែមទាំងឲ្យទស្សនិកជនរង់ចាំមើលទៀតផងថា តើតារាណាអាចផ្ដួលសីម៉ា បាន តាមរយៈការមានអ្នកចូលទស្សនាចំនួនលើសពីនេះ។

ការលើកឡើងបែបនេះត្រូវបានមហាជនយល់ថា សុគន្ធកញ្ញា កំពុងត្រូវបានអតីតកូនក្រុមរបស់នាងប្រជែងទីផ្សារហើយ ដែលប្អូនថ្លៃថៅកែហង្សមាស រូបនេះ ថែមទាំងប្រឈមពិបាកទប់ទល់ទៀតផង ព្រោះចំនួនViews នោះខ្ពស់ពេក។

បើតាមប្រជាប្រិយភាពរបស់អតីតកូនក្រុមឱក សុគន្ធកញ្ញា នេះដែរ បញ្ជាក់ថា នាងឈរក្នុងលំដាប់តារាចម្រៀងជើងថ្មី “Grade A”។ ប៉ុន្ដែបើផ្អែកតាមតម្លៃខ្លួនក្នុងការឡើងច្រៀងនៅឆាកទូរទស្សន៍ និងឆាកធំៗទាំងឡាយនោះ តន់ ច័ន្ទសីម៉ា នៅតែមិនទាន់អាចប្រៀបធៀបជាមួយតារាចម្រៀងល្បីៗ ដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, ពេជ្រ សោភា, សុគន្ធ និសា និងសុខ ពិសី ជាដើម បាននៅឡើយ។

ឱក សុគន្ធកញ្ញា ធ្លាប់ជាគ្រូបង្វឹកតារាចម្រៀងតន់ ច័ន្ទសីម៉ា ក្នុងកម្មវិធីប្រលងចម្រៀង “The Voice Cambodia” រដូវកាលទី២ ដែលមហាជនរង់ចាំបានថា នៅវគ្គ Live Show សប្ដាហ៍ទី១ មានតែសុគន្ធកញ្ញា ម្នាក់គត់ ដែលចុចយកឈ្មោះនាងមកធ្វើជាកូនក្រុម និងទៅវគ្គបន្ដ ខណៈដែលគ្រូបង្វឹក៣រូបផ្សេងទៀត មានដូចជា ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណរាជ នោះ មិនបានគោះប៊ូតុងយកនាងឡើយ។

អ្នកជំនាញសិល្បៈបានយល់ថា ត្រង់នេះបញ្ជាក់ថា សុគន្ធកញ្ញា ចេះមើលមនុស្សជាងគ្រូបង្វឹក៣រូបផ្សេងទៀត ព្រោះថា ពេលនេះ តន់ ច័ន្ទសីម៉ា ដែលហង្សមាស មើលរំលងនោះបានក្លាយទៅជាតារាចម្រៀង ដែលឈានទៅប្រកួតប្រជែងជាមួយអតីតគ្រូបង្វឹករបស់ខ្លួនតែម្ដង ហើយមិនមែនត្រឹមតែធ្វើឲ្យតែសុគន្ធកញ្ញា ពិបាកទប់ទល់នោះទេ ប៉ុន្ដែអតីតតាចម្រៀងហង្សមាស អ្នកនាងខាត់ ឃុឃីម ក៏ប្រឈមរង្គោះរង្គើតំណែងដែរ ព្រោះតែសីម៉ា ច្រៀងស្ទីលស្អកស្រដៀងនាងតែម្ដង។

ប៉ុន្តែក្នុងជំនួបកាលពីពេលថ្មីៗនេះ អ្នកនាងខាត់ សុឃីម បានឲ្យដឹងថា នាងគ្មានការបារម្ភចំពោះរឿងនេះទេ តែអ្នកនាងយល់ថា ដោយសារតែនាង និងសីម៉ា ចេញពីផ្នែកបុរាណដូចគ្នា ទើបច្រៀងស្ទីលប្រហាក់ប្រហែលគ្នាបែបនេះ។

ឱក សុគន្ធកញ្ញា ធ្លាប់ជាគូប្រជែងជាមួយមាស សុខសោភា យ៉ាងស្វិតស្វាញ ជិត១០ឆ្នាំមកចុងក្រោយនេះ តែមុនរៀបការប្ដី លោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នោះ សុគន្ធកញ្ញា មានប្រៀបជាងមាស សុខសោភា ព្រោះឈរនៅផលិតកម្មធំជាង។

ទោះជាយ៉ាងណា ក្រោយមានប្ដីនិងកូន១ ជាង១ឆ្នាំនេះ សុគន្ធកញ្ញា ហាក់ស្ងប់ស្ងាត់ និងប្រឈមចុះខ្សោយ ហើយអ្នកដែលកំពុងតែអុកឡុកទីផ្សារចម្រៀងឥតបន្ធូរដៃនោះ គឺជាអតីតកូនក្រុមរបស់ខ្លួន កញ្ញាតន់ ច័ន្ទសីម៉ា ទៅវិញ។

ប៉ុន្ដែអ្នកជំនាញសិល្បៈយល់ថា ការដែលសុគន្ធកញ្ញា មិនសូវខ្លាំងដូចមុននោះ ដោយសារតែកត្តា២យ៉ាង គឺទី១. ទើបសម្រាលកូនដំបូង រង់ចាំឲ្យសុខភាពល្អដូចដើមវិញសិន និងទី២. មិនហ៊ានបញ្ចេញបទថ្មីៗ ព្រោះកូវីដ-១៩ មិនទាន់ស្ងាត់៕ ហ៊ឹម វិចិត្រ