ខេត្តព្រះសីហនុ ៖ ទៅពីភ្នំពេញ លួចម៉ូតូបានលើកដាក់ឡាន ត្រូវសមត្ថកិច្ចទៅទាន់ រត់ ចូលព្រៃចោលម៉ូតូលួចបាន និងឡានរបស់ខ្លួន ដោយបន្សល់ទុកអត្តសញ្ញាណដែលប៉ូលិសងាយតាមចាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០ នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បើតាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៍មានពីប្រជាពលរដ្ឋដែលរាយការណ៍មកថា មានករណីអំពើចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ភ្លាមៗនោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញជនសង្ស័យកំពុងលើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ដាក់ចូលក្នុងរថយន្តបម្រុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចយើងភ្លាម ជនសង្ស័យបានរត់ចូលទៅក្នុងព្រៃ គេចខ្លួនបាត់ ដោយបន្សល់ ទុករថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RXរ៣០០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ១គ្រឿង ដែលលួចបានម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1T-5150នៅក្នុងរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព។

ប្រភពដដែលឱ្យដឹងថា បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះ មានអត្តសញ្ញាណប័ណ្ណរបស់ជនសង្ស័យ១សន្លឹក លេខ០៨០៣៦០២១០ មានឈ្មោះជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្ននៅក្នុងខណ្ឌដូនពេញ សង្កាត់ផ្សារថ្មីទី៣ រាជធានីភ្នំពេញ ព្រមទាំងកាតធនាគារ ABA ១សន្លឹក។

វត្ថុតាងដកហូតបានម៉ូតូ ត្រូវសមត្ថកិច្ច ប្រគល់ជូនទៅម្ចាស់វិញ តាមការស្នើសុំ។ ចំណែក រថយន្ត សមត្ថកិច្ចយកទៅរក្សាទុក ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យយកមកចាត់ការតាមច្បាប់៕