បន្ទាយមានជ័យ ៖ លំនៅដ្ឋានមួយខ្នងរបស់ស្ត្រីមេម៉ាយម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ខណៈដែលស្ត្រីជាម្ចាស់ផ្ទះរវល់ដើររកចៅត្រឡប់មកវិញឃើញភ្លើងកំពុងឆេះផ្ទះ ស្រែកហៅគេឱ្យជួយមិនទាន់ ភ័យតក់ស្លុតពេក ដួលសន្លប់ស្តូក ទីបំផុតផ្ទះទាំងមូលត្រូវក្លាយជាចំណីភ្លើងទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ម្ចាស់ផ្ទះខាងលើ មានឈ្មោះប៉ែន សំណាង ភេទស្រី អាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក ចំនួន៦នាក់ (ស្រី៣) មានលំនៅចំណុចកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើលើ បេតុងខាងក្រោម ប្រក់ដំបូលស័ង្កសី (ផ្នែកខាងលើត្រូវភ្លើងឆេះអស់ទាំងស្រុង)។
តាមការបញ្ជាក់ឱ្យដឹងពីស្ត្រីជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានចេញទៅដើររកចៅ លុះពេលមកដល់ផ្ទះវិញ ក៏ឃើញភ្លើងកំពុងឆេះផ្ទះយ៉ាងសន្ធោសន្ធៅទៅហើយ ធ្វើឱ្យគាត់ស្លុតចិត្ត និងភ័យខ្លាំងពេក ក៏ដួលសន្លប់បាត់មាត់ឈឹង សូម្បីតែរកហៅគេឱ្យជួយក៏មិនទាន់ផង។

លុះភ្ញាក់ដឹងខ្លួនមកវិញ ភ្លើងបានឆេះផ្ទះអស់ទាំងស្រុងទៅហើយ និងបង្កឱ្យរងការខូចខាត រួមមាន ផ្ទះផ្នែកខាងលើទាំងស្រុង ប្រាក់ចំនួន២ម៉ឺនបាត ឯកសារប្លង់ដី និងឯកសារសម្គាល់ផ្សេងៗ ខោអាវ គ្រែ ពួក ខ្នើយ កន្ទេល និងភួយ ចានឆ្នាំង រួមនឹងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀតជាច្រើន៕