ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់នៅសុខៗរពឹសដៃបង្ហោះសារតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បង្អើលថា មានករណីឆ្លងជំងឺកូវីដ១៩ នៅផ្សារជម្ពូវ័ន និងបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ ចំណែកសាច់ញាតិ៥នាក់ទៀត ក៏បានឆ្លងជំងឺមួយនេះដែរ ជាហេតុធ្វើឱ្យមានការចែករំលែក និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ទីបំផុតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅអប់រំណែនាំ។

នារីរូបស្រស់ដែលបង្អើលរឿងឆ្លងកូវីដស្លាប់មនុស្សម្នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅអប់រំខាងលើនេះ មានឈ្មោះឈិន មន្ថា អាយុ៣៥ឆ្នាំ មុខរបរជាអ្នកលក់ផលិតផលអនឡាញ ស្នាក់នៅផ្ទះលេខ១២ ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ និងជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ka Piink ព្រមទាំងជាម្ចាស់ផេកឈ្មោះ MC Cosmetic។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីឈ្មោះឈិន មន្ថា ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ka Piink ព្រមទាំងជាម្ចាស់ផេកឈ្មោះ MC Cosmetic ដើម្បីនាំយកមកសួរនាំ ពាក់ព័ន្ធទៅនឹងការបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធទៅ នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ បណ្តាលឱ្យមានមនុស្សស្លាប់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា “ផ្សារជម្ពូវ័នបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ” បន្ទាប់មក មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។

ពិនិត្យឃើញដូច្នេះអគ្គស្នងការនគរបាលស្តីទី បានចេញបញ្ជាឱ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីឱ្យបញ្ឈប់ការ ចែកចាយព័ត៌មានដែលអាចបង្កឱ្យមានការចលាចលនៅក្នុងសង្គម។ លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ជេកវិទ្យាបានសហការជាមួយអធិការខណ្ឌដង្កោធ្វើការឃាត់ខ្លួន ម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅក្នុងប៉ុស្តិ៍នគរបាល រដ្ឋបាលរលួស។

លោកយ៉ូង សុវណ្ណ នាយផ្នែកប្រឆាំងបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះឈិន មន្ថា ដែលជាម្ចាស់គណនី បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនី បន្ទាប់មកខ្លួនក៏លុបចេញទៅវិញ ដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើន ដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។ បន្ទាប់មកនារីឈ្មោះឈិន មន្ថា ក៏បានធ្វើការសុំអភ័យទោសនឹងសន្យាថាឈប់ចែកចាយព័ត៌មានណា ដែលមិនមានប្រភពច្បាស់លាស់ ទៀតហើយ។

បន្ទាប់ពីសមត្ថកិច្ចឲ្យនាងត្រឡប់ទៅផ្ទះវិញ ម្ចាស់គណនីឈ្មោះ Ka Piink បន្ថែមថា “គ្មានអ្នកណាចង់ល្បីធ្វើរឿងឲ្យចូលប៉ុស្តិ៍ ព្រោះចង់បាន like shear page ទេខ្ញុំមិនមែនពួកហែកកេរ្តិ៍ខ្លួនឯងព្រោះចង់ល្បីទេ ចឹងទើបខ្ញុំប្លុកផេកចោល ទទួលស្គាល់ថាមកពីភាពឆោតល្ងង់១ពេល តែកុំតែស្ករពេក”។
យ៉ាងណា លោកឧត្តមសេនីយ៍ឯក ជាពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំលឹក ដល់អ្នកលេងក្នុងបណ្តាញ សង្គមទាំងអស់ សូមធ្វើការពិចារណានិងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់មុនពេលដែលបង្ហោះទៅក្នុងបណ្តាញសង្គម ជៀសវាងបង្ហោះព័ត៌មានណា ដែលមិនមានការពិតនិងគ្មានប្រភពច្បាស់លាស់ដែលអាចប្រឈមមុខនឹងច្បាប់ និងបង្កភាពចលាចលដល់សង្គមជាតិទាំងមូល៕