ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម សហការជាមួយកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន៥នាក់ និងវៀតណាមម្នាក់ ដែលបើកកន្លែងជួញដូរផ្លូវភេទ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ F102 ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន ជាមេការហាងម៉ាស្សា។ ទី២-ឈ្មោះជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន ជានារីម៉ាស្សា។ ទី៣-ឈ្មោះប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ជានារីម៉ាស្សា។ ទី៤-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ជានារីម៉ាស្សា។ ទី៥-ឈ្មោះជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកលក់ដូរ។ និងទី៦-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ជាអ្នកលក់ដូរ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ តាមនីតិវិធី៕

