តារាសាច់សខ្ចី កញ្ញាគីម ហួរ ដែលធ្លាប់តែលេចមុខតាមបទចម្រៀងល្បីៗរបស់ផលិតកម្មរស្មីហង្សមាស ជាច្រើនបទនោះ ពេលនេះកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ថែមទៀត តាមរយៈការថត MV របស់ផលិតកម្មហ្គោល បទ ”បងមិនមែនជាធនាគារ” ដែលច្រៀងដោយលោកអៀង វុត្ថា និពន្ធដោយលោកយាំង បូរិន្ទ និងដឹកនាំសម្ដែងដោយលោកសុគន្ធ ដេវីត។

មុនចេញ Full MV បទនេះ គីម ហួរ ធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែនាងត្រូវបានតារាសម្ដែង លោកលី ណូរ៉ា ដែលសម្ដែងជាប្រុសស្នេហ៍ចិញ្ចឹមនាងលួចលាក់នោះ បានដៀលនាងកប់ៗមាត់តែម្ដង ហើយថែមទាំងពន្យល់ឲ្យនាងដឹងពីតួនាទីជាស្រីគេចិញ្ចឹមទៀតផង។ ប៉ុន្ដែក្រោយបទចម្រៀងនោះចេញ MV ជាផ្លូវការ ទើបគ្រប់គ្នាយល់ថា នោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ តាមពិតស្រីស្រស់គីម ហួរ មិនមែនជាស្រីកំណាន់លួចលាក់របស់ប្រុសណាម្នាក់ ដែលមានប្រពន្ធទៅហើយ ដូចក្នុងសាច់រឿងនោះទេ។

គីម ហួរ នៅតែមានទីផ្សារសម្ដែង បើទោះជាកូវីដ-១៩ មិនទាន់ស្ងាត់ក្ដី តែស្រីស្អាតរូបនេះបានមចេញមុខតាមស្ពត, MV និងទើបថតបញ្ចប់ភាពយន្ដភាគឲ្យហង្សមាស ២រឿងផងដែរ។

កន្លងមកទស្សនិកជនចាប់អារម្មណ៍នាងតាមរយៈការដែលតារាស្រីរូបនេះ ថតសម្ដែង MV ឲ្យតារាល្បីៗរបស់ហង្សមាស ដូចជា បទចម្រៀងរបស់លោកខេមរៈ សរិរីមន្ដ, សុំ សុវណ្ណារ៉ាក់, នី រតនា, ណុប បាយ៉ារិទ្ធ, ថែល ថៃ និង Vid Cooler ជាដើម។

តារាសម្ដែងដែលមានស្រុកកំណើតមកពីខេត្តកំពត រូបនេះ ជាអតីត Freshie ឆ្នាំ២០១៤ ហើយនាងត្រូវបានទស្សនិកជនថា គីម ហួរ មានត្រេមុខស្រដៀងតារាថៃ នាង Suvanant Kongying ហៅ Kob ដែលខ្មែរយើងហៅថា នាងផ្កាយព្រឹក។

ទោះជាយ៉ាងណា តារាសាច់ដូចបណ្ដូលចេករូបនេះ ធ្លាប់បង្ហើបថា នាងមានសង្សារហើយ តែគេមិនដែលឃើញគីម ហួរ បណ្ដើរគូស្នេហ៍ជាសាធារណៈម្ដងណាទេ គឺទើបតែមុននេះ នាងត្រូវតារាសម្ដែងលោកលី ណូរ៉ា ដៀលនាងមិនសំចៃមាត់ផ្អើលពេញ Tik Tok តែទីបំផុតនៅពេលដឹងការពិត ទើបម្នាក់ៗហួសចិត្ត ព្រោះថា នោះគ្រាន់តែជាឈុតនៅក្នុង MV សោះ៕

