អ្នកនិពន្ធបទភ្លេង (Composer) លោក Tho Meet ដែលទើបតែចូលហង្សមាស បានជាង២ខែនោះ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ស្នាដៃលោកខ្លាំង តាមរយៈលោកបញ្ចេញស្នាដៃថ្មី ប្លែក និពន្ធទាំងទំនុកភ្លេង និងទំនុកច្រៀង ឲ្យតារាចម្រៀងសុគន្ធ និសា ច្រៀងបទ ”ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ”។

បទនេះមានចំណងជើងប្លែកពីគេ ហើយហង្សមាស បានចេញបទ១នេះ ជាកាដូសម្រាប់សុគន្ធ និសា នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់នាង គម្រប់៣ឆ្នាំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ តែម្ដង ហើយគ្រាន់តែចេញបានត្រឹម២ថ្ងៃសោះ មានអ្នក Share ជាង២ម៉ឺននាក់ និងអ្នកទស្សនាជិត១លានដងទៅហើយ។

លោក Tho Meet បានឲ្យដឹងថា លោកសប្បាយចិត្ត និងភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា ស្នាដៃថ្មីរបស់លោកទទួលបានការគាំទ្រហួសពីការរំពឹងទុកបែបនេះទេ។ លោកថា បានចូលទៅអានខមិនពីប្រិយមិត្តជាច្រើន ដែលធ្វើឲ្យលោកកាន់តែរីករាយ នៅពេលដែលពួកគាត់គាំទ្រច្រើនទៅលើបទនេះ។

លោក Tho Meet បញ្ជាក់ថា មានអ្នកខ្លះនិយាយថា បទនេះចំណងជើងប្លែក ទាក់ទាញ និងបង្កប់ទៅដោយមនោសញ្ចេតនាជ្រាលជ្រៅ និងខ្លះទៀតសរសើរពីសាច់ភ្លេង។ លោកថ្លែងថា ”ខ្ញុំមានតែម្រាមដៃ១០ សូមថ្លែងអំណរគុណដល់បងប្អូនដែលបានគាំទ្រ និងផ្ដល់កម្លាំងចិត្ត ហើយខ្ញុំបាទTho Meet នឹងរកអ្វីដែលថ្មីៗមកជូនបងប្អូនឲ្យនៅពេលខាងមុខនេះទៀត”។

រយៈពេលជាង២ខែ នៅហង្សមាសនេះ លោក Tho Meet បានធ្វើភ្លេងឲ្យតារាចម្រៀងជួរមុខរបស់ហង្សមាស ជាច្រើនដួងច្រៀងជាបន្ដបន្ទាប់ ហើយស្នាដៃរបស់លោកហាក់ប្លែកពីគេ ទើបទស្សនិកជនកាន់តែចាប់អារម្មណ៍រាល់បទចម្រៀងថ្មីៗរបស់ហង្សមាស ថែមទៀត ក្រោមស្នាដៃ Composer វ័យក្មេងរូបនេះ៕

