ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ បន្ទាប់ពីកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងសួង បានទទួលបណ្តឹងពីរបស់ជនរងគ្រោះ ពាក់ព័ន្ធទៅនឹងករណីឆបោកតាមប្រព័ន្ធហ្វេសប៊ុក។
ការចាប់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះធន ស្រីលក្ខ ភេទស្រី អាយុ២៩ឆ្នាំ និងទី២-ឈ្មោះវណ្ណ រតនា ភេទប្រុស អាយុ៣១ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានមុខរបរមិនពិតប្រាកដ និងមានលំនៅក្នុងភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង។ ចំណែកជនរងគ្រោះមានឈ្មោះឃួន គន្ធា ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះឈ្មោះឃួន គន្ធា ដែលបានប្តឹងចោទប្រកាន់ពីករណីឆបោក (ឆបោកតាមប្រព័ន្ធហ្វេសប៊ុក)។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីរៀបចំកសាងសំណុំ បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕