ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក នៅចំណុចទឹកបឹងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅខាងក្រោយផ្សារឆ្នាំង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះនៅ ផាត់ អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ជាមនុស្សមានជំងឺសរសៃប្រសាទ។

លោកអធិការ បន្តថា ជនរងគ្រោះខាងលើ គឺជាមនុស្សមានជំងឺសរសៃប្រសាទ និងឧស្សាហ៍ដើរបាត់ពីផ្ទះជាញឹកញាប់។ មុនពេលកើតហេតុប៉ុន្មានថ្ងៃ ជនរងគ្រោះបានដើរចេញបាត់ពីផ្ទះ ដោយមិនដឹងទៅដល់ណា ធ្វើឱ្យក្រុមគ្រួសារតាមស្វែងរកដែរ ប៉ុន្តែមិនឃើញសោះ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកបឹង ខាងក្រោយផ្សារឆ្នាំង បង្កឱ្យកើតមានការផ្អើលីឆោឡោឡើងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក្រុង និងខេត្ត រួមទាំងក្រុមគ្រូពេទ្យខេត្ត បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕