Saturday, August 2, 2025
Homeព័ត៌មានជាតិបុរសម្នាក់ចេញសារឌឺដងប្រសាសន៍សម្តេចហ៊ុន សែន រឿងត្រៀមលិខិតថ្វាយព្រះមហាក្សត្រ

បុរសម្នាក់ចេញសារឌឺដងប្រសាសន៍សម្តេចហ៊ុន សែន រឿងត្រៀមលិខិតថ្វាយព្រះមហាក្សត្រ

បុរសម្នាក់បានបង្ហោះសារឌឺដងដល់ប្រសាសន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានត្រៀមលិខិតដាក់ថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារបញ្ហាកូវីដ-១៩ បានឆ្លងចូលសហគមន៍។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា

បុរសម្នាក់មានគណនីហ្វេសប៊ុក Iman-KH បានបង្ហោះសារថា “ខ្ញុំបានត្រៀម ឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន”។

បុរសរូបនេះ បានបន្ថែមថា “ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះ បើគ្មានការចាំបាច់”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេង  ពាក់ព័ន្ធនឹងការត្រៀមលិខិតដាក់ប្រទេសក្នុងគ្រាមានអាសន្នថា “…ពិតមែនហើយ ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវសារលិខិតថ្វាយព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុត្រឹត្យ ព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា រួចស្រេចទៅហើយ ក៏ប៉ុន្តែខ្ញុំមិនចង់រដើល់ជំហានបែបនេះទេ ព្រោះវាធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា គាំងទាំងស្រុងតែម្តង ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជា រាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឲ្យគាំងសេដ្ឋកិច្ច​ ជាពិសេសប៉ះពាល់ដល់ការរកស៊ីប្រជាពលរដ្ឋរបស់យើង…”។

ចំណែកនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចហ៊ុន សែន បានបង្ហោះសារថា “ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុច

នេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ជំនួសវិញ។

ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។

ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល”។

យ៉ាងណា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញទំនាក់ទំនងសង្គម Telegram នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ លោកបានឲ្យមន្ត្រីស្រាវជ្រាវករណីនេះហើយថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ?៕

RELATED ARTICLES