ខេត្តបន្ទាយមានជ័យ ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗបានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង និងថែមទាំងបាននាំយកប្រាក់មួយចំនួនធំទៅតាមខ្លួនទៀតផង ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ប្រកាសតាមហៅកូនស្រីវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ចេញពីផ្ទះខាងលើនេះ មានឈ្មោះសៀម ស៊ាវលីង អាយុជិត២០ឆ្នាំ មានលំនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក។ យុវតីរូបនេះ បានបាត់ខ្លួន កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

តាមប្រភពពីអាណាព្យាបាលយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់ (យុវតីសៀម ស៊ាវលីង) នៅសុខៗក៏ស្រាប់តែបានបាត់ខ្លួន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចេញពីផ្ទះ នៅឯភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ដោយមិនដឹងមូលហេតុ។
តាមការបញ្ជាក់ប្រាប់ពីម្តាយយុវតីដែលបាត់ខ្លួន បានឱ្យដឹងថា កូនស្រីរបស់គាត់ បានយកប្រាក់ចំនួន៨ម៉ឺនបាត និង១លានរៀល ទៅជាមួយទៀតផង ជាហេតុធ្វើឱ្យពួកគាត់ជាឪពុកម្តាយ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនស្រីចាញ់កលល្បិចមនុស្សមិនល្អ នាំយកទៅធ្វើបាបដោយប្រការណាមួយ។

ជាមួយនេះ ម្តាយយុវតីខាងលើ បានអំពាវនាវសូមឱ្យសមត្ថកិច្ចនិងអាជ្ញាធរខេត្ត មេត្តាជួយស្វែងរកកូនស្រីរបស់គាត់ ដែលមានភិនភាគដូចរូបភាពខាងលើនេះផង ហើយក៏សូមអំពាវនាវដល់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បើបានឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមមេត្តាផ្តល់ដំណឹង ឬទំនាក់ទំនងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៨៨ ៣២២ ៥១ ០៨៕